(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា Michael Tan KengSion បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេ ជោ ហ៊ុន សែន បានធ្វើឲ្យអ្នកវិនិយោគរួមទាំងអ្នកវិនិយោគសិង្ហបុរីផងដែរ មានជំនឿចិត្ត ហើយមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាកាន់តែច្រើន។
ការបញ្ជាក់របស់លោកឯកអគ្គរដ្ឋទូត បានធ្វើឡើងក្នុងពេលដែលរូបលោកចូលជួបសម្តែងការគរសម និង សំណេះសំណាលការងារជា មួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ។
លោកឯកអគ្គរដ្ឋទូតសឹង្ហបូរី បានលើកឡើងថា «ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី កម្ពុជាមានសន្តិភាពយូរអង្វែង មានសន្តិសុខ និង មានស្ថេរភាព ធ្វើឲ្យវិនិយោគិន និងក្រុមហ៊ុនបរទេស រួមទាំងវិនិយោគិនសឹង្ហបូរី មកបណ្ដាក់ទុនវិនិយោគនៅកម្ពុជារហូតមកដល់ពេលនេះ។ ទាំងអស់នេះហើយដោយសារមានជំនឿទៅលើការដឹកនាំរបស់សម្ដេច ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ហើយសន្តិភាពនេះ ធ្វើឲ្យអ្វីៗមានការរីកចម្រើនទាំងអស់ នេះជាភាពអស្ចារ្យរបស់កម្ពុជា»។
បើតាមលោក កៅ គឹមហ៊ួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្នុងជំនួបនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ទំនាក់ទំនងកម្ពុជា-សិង្ហបុរី មានការរីកចម្រើនច្រើន ហើយកម្ពុជាបានធ្វើកិច្ចសហប្រតិបត្តិការជាមួយសិង្ហបូរី លើវិស័យជាច្រើន ដូចជាក្នុងវិស័យ សេដ្ឋកិច្ច ទេសចរណ៍ និងការបណ្ដុះបណ្ដាល ធនធានមនុស្ស។ សម្រាប់ក្របខណ្ឌអាស៊ាវិញ ប្រទេសសិង្ហបូរី ជាប្រទេសមួយ ដែលបានផ្ដួចផ្ដើមសមាហរណកម្មអាស៊ាន នៅឆ្នាំ២០០០ ដើម្បីកាត់បន្ថយគម្លាតនៅក្នុងអាស៊ាន។
សម្ដេចតេជោ ក៏បានអរគុណដល់សិង្ហបូរី ដែលជំរុញកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ជាពិសេសការបង្កើតមជ្ឈមណ្ឌលកិច្ចសហប្រ តិបត្តិការសិង្ហបូរី-កម្ពុជា នៅរាជធានីភ្នំពេញ ដើម្បីបណ្ដុះបណ្ដាលមន្ត្រីរាជរដ្ឋាភិបាល។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក កៅ គឹមហ៊ួន។
លោកឯកអគ្គរដ្ឋទូតសិង្ហបូរី Michael Tan KengSion បានប្តេជ្ញាចិត្តថា ក្នុងបេសកកម្មការងារនៅកម្ពុជា លោកនឹងខិតខំធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការរីកចម្រើនទៅមុខ និងធ្វើឲ្យកិច្ចសហប្រតិបត្តិការលើវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស មានការពង្រីកបន្ថែម និងបានស៊ីជម្រៅជាងមុន។ ជាពិសេស នឹងជំរុញការបណ្ដុះបណ្ដាលទៅតាមតម្រូវការរបស់កម្ពុជា៕