(ភ្នំពេញ)៖ កម្ពុជា និងឥណ្ឌា គ្រោងដាក់ឱ្យហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌានៅចុងខែតុលា ឆ្នាំ២០២៣នេះ ដើម្បីពង្រីកទំនាក់ទំនងពលរដ្ឋ ក៏ដូចជាការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ដំណឹងនេះ ត្រូវបានបញ្ជាក់ដោយលោកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា ក្នុងពេលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានាព្រឹកថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាប។
យោងតាមបណ្តាញសង្គមរបស់សម្តេចធិបតី បានឱ្យដឹងថា នៅក្នុងជំនួបនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា បានជជែកលើការងារជាច្រើនពាក់ព័ន្ធទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលបានគាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ រួមមានជាអាទិ៍៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វប្បធម៌ និងការពារជាតិ ជាដើម។ សម្តេចធិបតី បានបង្ហាញក្តីរំពឹងផងដែរថា ប្រទេសទាំងពីរនឹងពង្រីកវិសាលភាពបន្ថែមទៀត នៅក្នុងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសលើការវិនិយោគ, សន្តិសុខអ៉ីនធឺណិត និងវិស័យដទៃទៀត ដែលជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ ស្របពេលដែលបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា កំពុងស្ថិតនៅលើគន្លងមាគ៌ានៃការអភិវឌ្ឍ ដែលកំពុងរីកលូតលាស់ឥតឈប់ឈរ។
តាងនាមរដ្ឋាភិបាល និងប្រជាជនឥណ្ឌា លោកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត ក៏បានចូលរួមអបអរសាទរក្នុងឱកាសដែល «រមណីយដ្ឋានប្រាសាទកោះកេររបស់ខ្មែរ» ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានលើកឡើងអំពីទំនាក់ទំនងជាលក្ខណៈប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ ជាពិសេសលើផ្នែកវប្បធម៌ និងប្រជាសាស្ត្រ ហើយបច្ចុប្បន្នក៏កំពុងមានការរីកចម្រើនលូតលាស់លើគ្រប់វិស័យគួរឱ្យកត់សម្គាល់។
ជាក់ស្តែងក្នុងវិស័យពាណិជ្ជកម្ម ប្រទេសទាំងពីរកំពុងចរចាលើកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មទ្វេភាគី ក្នុងពេលបច្ចុប្បន្ន ហើយទៅថ្ងៃអនាគត ក៏នឹងមានការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបន្ថែមទៀត។ នៅក្នុងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ប្រទេសទាំងពីរគ្រោងនឹងដាក់ឱ្យដំណើរការនូវជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា នាចុងខែតុលា ឆ្នាំ២០២៣ខាងមុខ។ ការណ៍នេះនឹងជំរុញឱ្យសក្តានុពលនៃវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ក៏ដូចជាវិស័យពាក់ព័ន្ធផ្សេងទៀត កាន់តែមានសន្ទុះខ្លាំងក្លាឡើង។
បន្ថែមពីលើនេះ ឥណ្ឌាក៏គ្រោងនឹងពង្រីកវិសាលភាពលើវិស័យបច្ចេកវិទ្យា សម្រាប់គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ ដោយទ្បែកចំពោះវិស័យការពារជាតិវិញ ទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ក៏មានវឌ្ឍនភាពលូតលាស់គួរឱ្យកត់សម្គាល់ ដូចដែលស្តែងឡើងតាមរយៈការចុះអនុស្សារណៈនៃការយោគយល់រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ និងការរៀបចំការហ្វឹកហ្វឺនរួមគ្នា។
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីឯកអគ្គរដ្ឋទូត ក៏បានឯកភាពគ្នាក្នុងការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទៅដល់កងទ័ពជើងទឹក។ ជារួមលោកស្រីឯកអគ្គរដ្ឋទូត បានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កាន់តែមានសន្ទុះខ្លាំងទ្បើង ហើយការផ្សារភ្ជាប់ទំនាក់ទំនងកម្ពុជា-ឥណ្ឌា ក៏កាន់តែរឹងមាំ បន្ទាប់ពីព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ទៅកាន់ប្រទេសឥណ្ឌានាពេលកន្លងមក។
ក្នុងឱកាសនោះ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានគោរពអញ្ជើញសម្តេចធិបតី ទៅបំពេញទស្សនកិច្ចផ្លូវការនៅឥណ្ឌា ជាថ្មីម្តងទៀត ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរឱ្យកាន់តែស្និទ្ធស្នាល និងឋិតថេរ៕