(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំប្រារព្ធពិធីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្ដម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្ដមភាព» នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹង របស់ក្រសួងអប់រំ ដែលបណ្ដាញព័ត៌មាន​ Fresh News ទទួលបាន។

កម្មវិធីនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល ១ថ្ងៃ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានអ្នកចូលរួមដោយផ្ទាល់ចំនួន ២,០០០នាក់ ព្រមទាំងមានការផ្សាយផ្ទាល់ តាមរយៈបណ្ដាញហ្វេសប៊ុក (Facebook) ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងឱកាសប្រារព្ធទិវាគ្រូបង្រៀនឆ្នាំ២០២៣នេះ ក្រសួងនឹងរៀបចំកម្មវិធី ដូចខាងក្រោម៖

១៖ ពិធីប្រគល់ពានរង្វាន់ ព្រះភិរម្យភាសាអ៊ូ ហៅ ង៉ុយ «ផ្នែកស្មូតកំណាព្យ» និងពានរង្វាន់ សម្ដេចព្រះសង្ឃរាជ ជួន ណាត «ផ្នែកតែងនិពន្ធ» ដល់ជ័យលាភីចំណាត់ថ្នាក់លេខ១ ដល់លេខ៣

២៖ បំពាក់គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា និងមុនីសារភ័ណ្ឌ ថ្នាក់ធិបឌិន្ទ ជូនបុគ្គលិកអប់រំចំនួន ១១រូប ដែលបានបង្រៀនសិស្សឲ្យទទួលបានពិន្ទុខ្ពស់ជាងគេ នៃមុខវិជ្ជានីមួយៗ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២

៣៖ បឋកថា ស្ដីពី «បទពិសោធក្នុងការដឹកនាំ និងគ្រប់គ្រងសាលារៀនបឋមសិក្សាឆ្ពោះទៅរកឧត្ដមភាព»
៤៖ វេទិកាតុមូលលើប្រធានបទ «ទស្សនៈរួមស្តីពីសាលារៀនគំរូ»៕