(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃកាន់បិណ្ឌវេនទី៥នេះ លោក សេង វិចិត្រ អភិបាលស្រុករលាកប្អៀរ បានប្រាប់បណ្ដាញព័ត៌មាន Fresh News តាមទូរស័ព្ទថា ប៉ុន្មានថ្ងៃនេះលោកឃើញមានការ ផ្សព្វផ្សាយតាមបណ្ដាញសង្គមមួយចំនួន និងសារព័ត៌មានថា ដែលមានឈ្មោះថា «វត្តគិរីធម្មរាជ» វត្តនេះមានទីតាំងនៅលើកំពូលភ្នំមួយឈ្មោះ ភ្នំតារូងតារាជ ក្នុងភូមិស្រាំងខ្ពស់ ឃុំពង្រ ស្រុករលាប្អៀរ។

លោកបន្តថា តាមពិតទីនោះ គឺគ្រាន់តែជាអាស្រមសំណាក់ធម៌របស់ព្រះសង្ឃតែប៉ុណ្ណោះ ពុំទាន់ក្លាយជាវត្តនៅឡើយនោះទេ។ កន្លងមកគណៈកម្មការអាចារ្យ និងព្រះសង្ឃធ្លាប់បានធ្វើច្បាប់ស្នើទៅក្រសួងធម្មការ ដើម្បីសុំបង្កើតជា វត្តដែរ តែក្រសួងមិនទាន់អនុញ្ញាត។

លោកបានបញ្ជាក់ទៀតថា បច្ចុប្បន្ននៅអាស្រមនេះមានព្រះសង្ឃចំនួន៥អង្គ ភិក្ខុសង្ឃពីរអង្គ។ ពាក់ព័ន្ធនឹងករណីដែលថា មិនសូវមានពុទ្ធបរិស័ទយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅលើភ្នំនេះ ដោយសារប្រជាពលរដ្ឋ និងពុទ្ធបរិស័ទនៅទីនោះពិបាកក្នុងការធ្វើដំណើរឡើងទៅកាន់ទីអាស្រមនៅលើកំពូលភ្នំ ម្យ៉ាងទៀតនៅក្នុងភូមិសាស្រ្តខ្ពស់នេះ ក៏មានវត្តមួយដែរឈ្មោះ «វត្តព្រះធាតុឆ្វេង»។ វត្តនេះបានកកើតតាំងពីជំនាន់ដើមមកម្ល៉េះ ហេតុនេះប្រជាពលរដ្ឋក្នុងភូមិ និងពុទ្ធបរិស័ទមានការគោរពបូជាមកជាយូរយាហើយ ហេតុនេះប្រជាពលរដ្ឋ និងពុទ្ធបរិស័ទភាគច្រើនបាននាំគ្នាទៅធ្វើបុណ្យទាននៅនិងអារាមនេះ តាំងពីដើមរហូតមក។ ដោយឡែកអាស្រមនៅលើកំពូលភ្នំ គឺទើបតែកើតថ្មីៗ ដោយទើបតែកសាងបានប្រមាណជាង៤ឆ្នាំតែប៉ុណ្ណោះ ទើបពុំសូវមានអ្នកស្គាល់។

លោកអភិបាលស្រុក បានបន្តទៀតថា នៅក្នុងស្រុករលាប្អៀរ មានវត្ត និងអាស្រមសរុបចំនួន៦៤ ក្នុងនោះមានវត្តចំនួន៥៨ និងអាស្រមចំនួន៦ ដោយឡែកក្នុងឃុំពង្រស្រុករលាប្អៀរ មានវត្តចំនួន៥ និងអាស្រមចំនួន១ គឺអា ស្រមនៅលើកំពូលភ្នំខាងលើនេះ។ ចំណែកវត្ត និងអាស្រមទាំងអស់ កន្លងមកអាជ្ញាធរស្រុក ដោយមានការណែនាំពីក្រសួងធម្មការ ពិសេសគឺមានការណែនាំពីអភិបាលខេត្ត ដែលលោកតែងតែបានណែនាំថ្នាក់ដឹកនាំ តាមបណ្ដាមូលដ្ឋានគ្រប់មូលដ្ឋាននៅទូទាំងខេត្ត ត្រូវយកចិត្តទុកដាក់ដល់ព្រះសង្ឃ ទាំងក្នុងពេលចូលព្រះវស្សា និងក្នុងកម្មវិធីបុណ្យទានផ្សេងៗ ឬក៏ក្នុងថ្ងៃធម្មតា គឺត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់ចុះពិនិត្យ ពិសេសទីអារាម និងអាស្រមដែលនៅដាច់ស្រយាលតាមទីជនបទ ដោយធ្វើយ៉ាងណាមិនឲ្យព្រះសង្ឃតាមបណ្ដាវត្ត និងអាស្រមទាំង អស់នោះដាច់ចង្ហាន់នោះឡើយ។

ឆ្លៀតឱកាសនេះ លោកអភិបាលស្រុក ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះប្រជាពលរដ្ឋ និងពុទ្ធបរិស័ទមកពីទីជិតទីឆ្ងាយ ដែលលោកមានសទ្ធាជ្រះថ្លា បាននាំយកនូវទេយ្យទាន និងចង្ហាន់មកប្រគេនជូនដល់ ព្រះសង្ឃគង់នៅទីអាស្រមខាងលើនេះ ដើម្បីទទួលបាននូវមៈផល និងកុសលផលបុណ្យដែលពុទ្ធបរិស័ទបានជ្រះថ្លា ក្នុងការធ្វើទានខាងលើនេះ ដោយអនុមោទនាទទួលយកនូវកុសលផលបុណ្យរៀងៗខ្លួន ដើម្បីឲ្យបានដល់ជីដូន ជីតា ម៉ាកុង ដែលបានចែកឋានទៅកាន់បរៈលោកខាងមុខហើយនោះងាកក្រោយឱ្យពរ សូមឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នាកុំបីឃ្លៀងឃ្លាតឡើយ។

ជុំវិញករណីខាងលើនេះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិ បាលខេត្តកំពង់ឆ្នាំង ក៏បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ថា បន្ទាប់ពីលោកបានឃើញការចុះផ្សាយព័ត៌មាននេះ លោកក៏បានបញ្ជាទៅលោកអភិបាលស្រុករលាប្អៀរ ឲ្យចុះពិនិត្យករណីនេះ និងត្រូវធ្វើការដោះស្រាយជូនព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្តដែលគង់នៅទីនោះជាបន្ទាន់ផងដែរ។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ឲ្យដឹងទៀតថា ពាក់ព័ន្ធនឹងករណីព្រះសង្ឃគង់ចាំព្រះវស្សានៅតាមបណ្ដាវត្ត និងអាស្រមទាំង៦៤ ក្នុងខេត្តកំពង់ឆ្នាំង លោកតែងបានណែនាំដល់អាជ្ញាធរតាមបណ្ដាមូលដ្ឋាននីមួយៗ ត្រូវឧស្សាហ៍ឃ្លាំមើល និងចុះសួរសុខទុក្ខដល់ព្រះសង្ឃ គង់នៅតាមបណ្ដាវត្ត និងអាស្រមទាំងអស់នោះ ហើយត្រូវនាំយកនូវតេយ្យទានទៅប្រគេនដល់ព្រះសង្ឃធ្វើយ៉ាងណា កុំឲ្យព្រះសង្ឃដាច់ចង្ហាន់ឲ្យសោះ ក្នុងខណៈពេលដែលព្រះសង្ឃគង់ចាំព្រះវស្សា ព្រះសង្ឃមិនអាចនិមន្តចេញក្រៅវត្តបាននោះឡើយ ភារៈនេះគឺមានតែអាជ្ញាធរនោះទេ ដែលមានភារៈដោះស្រាយជូនព្រះសង្ឃ៕