(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង នៅថ្ងៃសុក្រនេះ បានប្រកាសជាសាធារណៈថា ស្ថានភាពនយោបាយនៅកម្ពុជាបច្ចុប្បន្ន បានធ្វើឱ្យមានការប្រកួតប្រជែង មិនស្មើភាពគ្នា រវាងគណបក្សប្រឆាំង និងគណបក្សកាន់អំណាច នៅក្នុងការបោះឆ្នោត នៅពេលខាងមុខ ប៉ុន្តែការលើកឡើងនេះត្រូវបានអ្នកនាំពាក្យ គណបក្សកាន់អំណាច លោក សួស យ៉ារ៉ា ចាត់ទុកថាគឺជាការរកលេស មិនចេះចប់មិនចេះហើយរបស់បក្សប្រឆាំង ដើម្បីគេចពីការទទួលខុសត្រូវ ជាមួយប្រជាជន ពេលជួបការលំបាក ហើយអាចមកពីការពុំមានលទ្ធភាពចុះមូលដ្ឋាន។
នៅក្នុងសន្និសីទកាសែត នាទីស្នាក់ការគណបក្សសង្រ្គោះជាតិ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ លោក អេង ឆៃអ៊ាង បាននិយាយយ៉ាងដូច្នេះថា «ការប្រកួតមួយដែលអាចចាត់ទុកថា ជាការប្រកួតដោយសេរី លុះត្រាតែអ្នកនយោបាយ គ្រប់និន្នាការទាំងអស់ មានសេរីភាពក្នុងការធ្វើសកម្មភាព នយោបាយដោយស្មើភាពគ្នា មិនមែនគណបក្សមួយ មេដឹកនាំគណបក្សមួយ ធ្វើសកម្មភាពនយោបាយដោយសេរី ឯគណបក្សប្រឆាំង មេដឹកនាំគណបក្សប្រឆាំង ត្រូវគេបិទមិនឱ្យធ្វើសកម្មភាព ដូច្នេះទិដ្ឋភាពបែបនេះ មិនអាចចាត់ទុកថាជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌បានទេ ហើយអ្នកឈ្នះឆ្នោតបែបនេះ ក៏គេមិនទទួលស្គាល់ដែរ»។
លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សកាន់អំណាច លើកឡើងឆ្លើយតបនឹងទៅមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងយ៉ាងដូច្នេះថា «ការនិយាយរបស់បក្សប្រឆាំង នៅពេលនេះ គឺជាការរកលេសមិនចេះចប់ មិនចេះហើយរបស់បក្សប្រឆាំង ដើម្បីគេចពីការទទួលខុសត្រូវជាមួយប្រជាជនពេលជួបការលំបាក ការពិតអាចមកពីការពុំ មានលទ្ធភាព ចុះមូលដ្ឋានរបស់សកម្មជនបក្ស ឬជាការក្ស័យធនរបស់គណបក្ស ទើបជាមូលហេតុចំបង នៃភាពអសកម្មចំពោះការប្រកួតដោយសេរី»។
អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនោះបានបន្តថា «កម្ពុជាអនុវត្តគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស សកម្មភាពរបស់គណបក្ស ជាសិទ្ធិរបស់គណបក្សនិមួយៗ សកម្មភាពនយោបាយ ខុសពីការឃោសនានយោបាយដែលកំណត់ដោយច្បាប់បោះឆ្នោត ហើយក៍ខុសពីសកម្មភាព របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលទទួលអណត្តិបំរើប្រជាជនគ្រប់ទីកន្លែង គ្រប់និន្នាការ និងគ្រប់ពេលវេលា»។
ទោះបីយ៉ាងណាលោក សួស យ៉ារ៉ា បានសង្កត់ធ្ងន់ថា ការសម្រេចឃុំខ្លួនខ្លួនឯង គឺជាការគេចវេសពីការអនុវត្តច្បាប់លើបុគ្គល ហើយឲ្យគណបក្សការពារជាហេតុផល នយោបាយទើបជាការត្រឹមត្រូវ មិនពាក់ព័ន្ធសកម្មភាពនយោបាយ និងសិទ្ធិនយោបាយទេ៕