(ភ្នំពេញ)៖ លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានអះអាងថា អង្គភាពរបស់លោក នឹងចាត់វិធានការក្តៅ ដោយគ្មានការលើកលែងទៀតនោះទេ ចំពោះជនណាក៏ដោយឱ្យតែប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់។

លោក ហេង សុភារិទ្ធ បានឱ្យដឹងទៀតថា ខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល នឹងធ្វើយុទ្ធនាការចុះបង្រ្កាបបទល្មើសនេសាទជាប្រចាំគ្រប់ទីកន្លែងទាំងអស់ ដែលស្ថិតនៅក្នុងខេត្តកណ្តាល ប្រសិនបើរកឃើញជនណាដែលប្រព្រឹត្តខុសនឹងច្បាប់ស្តីពីជលផលនេះ នឹងចាត់វិធានការទៅតាមច្បាប់ជាធរមាន បើអាជ្ញាធរមានការអំពាវនាវហើយនៅតែបន្តប្រព្រឹត្តនោះ។
លោក ហេង សុភារិទ្ធ ក៏បានរំលឹកនិងអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ ដែលមានឧបករណ៍ឆក់ ឬឧបករណ៍ផ្សេងៗទៀត ដែលល្មើសនឹងច្បាប់ប្រគល់ជូនដល់អាជ្ញាធរយកទៅកម្ទេចចោលផងដែរ ដើម្បីធ្វើយ៉ាងណាលុបបំបាត់ការនេសាទខុសច្បាប់ជាពិសេសការឆក់នេះឲ្យអស់ ដើម្បីបង្កើនផលត្រីឡើងវិញ ខណៈបច្ចុប្បនផលត្រីកំពុងតែធ្លាក់ចុះដោយសារតែការឆក់ និងរាយស្បៃមុងជាដើមនោះ។
សូមបញ្ជាក់ថាខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ជាបន្តបន្ទាប់នៅ ស្រុកពញាឮ ខេត្តកណ្តាល ហើយក្រោយធ្វើការចុះបង្រ្កាបដោយកំលាំងចំរុះបានរុះរើសារយកបទល្មើសនេសាទ ជាច្រើនដូចជា លូស្បៃមុង, របាំងស្បៃមុង, បង្គាល និងឧបករណ៍ខុសច្បាប់មួយចំនួនទៀត ដើម្បីយកទៅដុតបំផ្លាញចោលនៅនឹងកន្លែងកើតហេតុផងដែរ៕