(កំពង់ស្ពឺ)៖ កូនភ្លោះ៣នាក់ ដែលម្តាយទទួលមរណភាពក្រោយសម្រាលរួចភ្លាមៗ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោក សេង ទៀង នាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាំយកទៅប្រគល់ជូនគ្រួសារទារិកាភ្លោះទាំងបីនាក់នៅគេហេឋានក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ។
ទារិកាភ្លោះទាំងបីដែលទទួលអំណោយឧបត្ថម្ភរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាកូនលើកទី៣ប្រសូត្រ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ មានឪពុកឈ្មោះ អ៉ី សុខជឿន ម្តាយឈ្មោះ ផុន សោភណ្ឌ អាយុ៣៩ឆ្នាំ មុខរបរគ្រួបង្រៀន។ ដោយសារម្តាយទារិកាមានជំងឺប្រចាំកាយ ក្រោយប្រសូត្រទារិកាភ្លោះទាំងបីរួច ក៏បានទទួលមរណភាពកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។
នៅចំពោះមុខគ្រួសារកូនភ្លោះបីនេះ លោក សេង ទៀង បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះលោក អ៉ី សុខជឿន ដែលបានបាត់បង់ភរិយាជាទីស្រឡាញ់របស់ខ្លួន ដោយសាតែមានជំងឺប្រចាំកាយ។ ជាមួយគ្នានេះ លោកបានផ្តាំផ្ញើដល់បិតាកូនភ្លោះ ត្រូវថែទាំទារិកាភ្លោះទាំងបីនាក់នេះ និងកូនៗទាំង៥នាក់ ឱ្យមានអនាគតរុងរឿង។
លោក សេង ទៀង បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោលគឺរយៈពេលជាង ២៤ឆ្នាំកន្លងមកនេះ មានគ្រួសារប្រសូត្រទារកភ្លោះបីនាក់ ឬបួននាក់ចំនួន ៤០៦គ្រួសាររួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បរសធម៌ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបម្រុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចទាំងទ្វេនៅពេលឆ្លងទន្លេរួច។
លោក សេង ទៀត បានបន្ដទៀតថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបម្រើឲ្យសកម្មភាពនយោបាយនោះទេ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយទានកើតចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគូរខ្ពស់ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលមានប្រសូត្រទារកភ្លោះបី ឬបួននាក់។
តំណាងបិតាកូនភ្លោះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលចាត់ទុកប្រជាពលរដ្ឋទីទល់ក្រងាយរងគ្រោះ គឺជាការលំបាកផ្ទាល់របស់សម្តេចទាំងទ្វេ ពោលគឺពេលនេះសម្តេចបានចាត់ឲ្យតំណាងរបស់សម្តេចបាននាំយកថវិកា និងសម្ភារៈដ៏មានតម្លៃបំផុតនេះ មកចែកជូនផ្ទាល់ដៃដល់គ្រួសាររបស់ខ្លួន ដែលប្រសូត្របានទារិកាភ្លោះបីនាក់ ដើម្បីជួយសម្រាលដល់ការលំបាក់ក្នុងការចិញ្ចឹមបីបាច់ទារិកាភ្លោះទាំងបីនាក់នេះ ឱ្យមានជីវិតរស់នៅ និងមានអនាគតល្អដូចពលរដ្ឋដទៃទៀតក្នុងសង្គម។
អំណោយដ៏សប្បសធម៌របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលត្រូវបានយកទៅប្រគល់ជូនគ្រួសារកូនភ្លោះបី នៅភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្អឺ រួមមាន ថវិកា៥លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្កសរ៥គីឡូក្រាម សារុង២ និងក្រម៉ា២ និងថវិកាបុណ្យសពម្តាយទារកភ្លោះ ចំនួន ៥លានរៀលទៀត៕