(កំពង់ធំ)៖ ក្នុងឱកាសបុណ្យកាន់បិណ្ឌប្រពៃណីខ្មែរ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជា្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងលោក គុយ លាងគី រួមជាមួយបងប្អូនប្រជាពុទ្ធបរិស័ទ បានចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៥ នៅវត្តក្តីចារុ៍ ភូមិទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។

លោកស្រី ឃួន ឃុនឌី បានបញ្ជាក់ថា បុណ្យភ្ជុំបិណ្ឌបាននាំមកនូវផល្លាអនិសង្សដ៏ថ្លៃថ្លាជាច្រើន ហើយពុទ្ធបរិស័ទគ្រប់ជំនាន់ខិតខំរួមគ្នាថែរក្សាតាំងពីសម័យបុព្វកាល អាស្រ័យដោយពិធីបុណ្យដ៏ប្រពៃនេះនាំមកនូវសាមគ្គីធម៌ ដ៏ប្រសើរទាំងក្នុងសង្គមគ្រួសារ និងសង្គមជាតិ ការជួយលើកតម្កើងវិស័យព្រះពុទ្ធសាសនាឲ្យបានចម្រើនរុងរឿង។

លោកស្រីបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី រក្សានិងការពារបាននូវសុខសន្តិភាពធ្វើឱ្យប្រទេសមានការរីកចម្រើនជាបន្តបន្ទាប់ប្រជាពលរដ្ឋមានជីវិភាពធូរធា ប្រជាពលរដ្ឋមានឱកាសគ្រប់គ្រាន់ចូលរួមបុណ្យប្រពៃណីទំនៀមទម្លាប់គ្មានការព្រួយបារម្ភនិងភ័យខ្លាច។ ការចូលរួមពិធីបុណ្យកាន់បិណ្ឌរបស់ប្រជាពលរដ្ឋពេលនេះបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋមានជំនឿជឿជាក់ពិតប្រាកដ អំពីសន្តិភាពដែលមាននាពេលបច្ចុប្បន្ននេះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមគ្គទេសឯកក្នុងការកសាងសន្តិភាព។

លោកស្រីបន្តទៀតថា ការរីកចម្រើនរបស់ប្រទេសជាតិ គឺមិនអាចកាត់ផ្តាច់បានពីការចូលរួមពីមនុស្សគ្រប់ជំនាន់ពិសេសមនុស្ស ដែលមានវ័យចំណាស់នាពេលនេះ ដែលគាត់បានចូលរួមច្រើនណាស់តស៊ូបូជាសាច់ ស្រស់ឈាមស្រស់ក្នុងបុព្វហេតុសន្តិភាព និងភាពសុខសាន្តរបស់មនុស្សជំនាន់ក្រោយ ដែលតម្រូវឱ្យយើងត្រូវតែយកចិត្តទុកដាក់មើលថែរក្សាពួកគាត់ឱ្យបានល្អ។

លោកស្រី ឃួន ឃុនឌី បញ្ជាក់ថា បុណ្យកាន់បិណ្ឌក៏ដូចជាបុណ្យភ្ជុំបិណ្ឌជាបុណ្យដ៏ធំរបស់ខ្មែរ មិនត្រឹមតែអប់រំមនុស្សឲ្យចេះធ្វើបុណ្យ និងតបគុណចំពោះអ្នកមានគុណ និងឧទ្ទិសដល់ឧបការីជនទាំង៧សន្ដាន ដែលបានចែកឋានទៅកាន់បរលោកទៅហើយ ហើយក្នុងឱកាសបុណ្យរយៈពេល១៥ថ្ងៃនេះ ក៏បានបញ្ជ្រាបការអប់រំដល់ប្រជាពុទ្ធបរិស័ទបានយល់ដឹងពីតម្លៃនៃព្រះពុទ្ធសាសនានៅក្នុងសង្គមជាតិផងដែរ៕