(ក្រចេះ)៖ បុរសម្នាក់បានបើកបររថយន្ដស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ ក៏បានរេចង្កូតទៅបុកផ្ទះប្រជាពលរដ្ឋមួយកន្លែងបណ្ដាលឱ្យរងការបាក់ស្រុត ចំណែករថយន្តរងការខូចខាតយ៉ាងដំណំផងដែរ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសម្នាក់បើករថយន្តម៉ាក Toyota Camry (ហើម) ពណ៌ស មានស្លាកលេខ ភ្នំពេញ 2D-6043 បានបើកបររថយន្តចេញពីកន្លែងផឹកស៊ីជួបជុំមិត្តភក្តិ នៅក្នុងភូមិឃុំកើតហេតុ ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ។

តាមរបាយការណ៍នគរបាលបានឲ្យដឹងថាអ្នកបើកបររថយន្តបង្ក ឈ្មោះ គង់ កក្កដា ភេទ ប្រុសអាយុ ៣២ ឆ្នាំរស់នៅភូមិធំ ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ។

របាយការណ៍បន្តទៀតថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយសារការបើកបររថយន្តក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នទាំងស្ថិតក្នុងស្ថានភាពស្រវឹង ក៏បានរេចង្កូតទៅបុកផ្ទះប្រជា ពលរដ្ឋនៅចំណុចទីតាំងខាងលើ ពេញទំហឹងបណ្ដាលឱ្យបាក់សសរមួយដើម និងផ្នែកខាងមុខបាក់ស្រុតធ្លាក់ដល់ដី រីឯរថយន្តក៏រងការខូចខាតមួយកំណត់ផ្នែកខាងមុខ តែមិនមានប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ៕