(ព្រះសីហនុ)៖ មន្រ្តីនគរបាលខេត្តព្រះសីហនុចំនួន២រូប ត្រូវបានថ្នាក់ដឹកនាំបណ្តេញចេញពី ក្របខណ្ឌនគរបាលជាតិ និងដកហូតតំណែង ដោយសារតែពួកគេ បានល្មើសវិន័យនគរបាលជាតិ។ នេះបើយោងតាមសេចក្តីសម្រេច របស់សម្តេចក្រឡាហោ ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ។
យោងតាមសេចក្តីសម្រេច របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ បានបណ្តេញលោកអនុសេនីយ៍ទោ កង សុផាត អត្តលេខ 42031 នាយរងផ្នែកព័ត៌មានលើវិស័យសេដ្ឋកិច្ច វប្បធម៌អប់រំ និងសង្គមនៃការិយាល័យសន្តិសុខផ្ទៃក្នុង ខេត្តព្រះសីហនុ ដោយសារតែមន្រ្តីរូបនេះបានល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។
សេចក្តីសម្រេចរបស់សម្តេចក្រឡាហោម ស ខេង បានបន្តទៀតថា «ប្រាក់បៀវត្សរ៍ និងរបបឧបត្ថម្ភផ្សេងៗ ត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិចាប់ពីខេតុលា ឆ្នាំ២០១៦តទៅ»។ ដោយឡែក នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់វិន័យចំពោះលោកអនុសេនីយ៍ឯក ថៃ ច័ន្ទសុធា អត្តលេខ59816 ដោយសម្រេចដកហូតតំណែងពីនាយរងផ្នែកបំភ័ន្តអក្ខរៈ នៃការិយាល័យបំភ័ន្តអក្ខរៈ ចំណុះស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ឲ្យមកជាមន្រ្តី មូលហេតុដោយសារតែបោះបង់ចោល ការសិក្សាវគ្គបណ្តុះបណ្តាល ថ្នាក់មធ្យមបច្ចេកទេសបំភ័ន្តអក្ខរៈ៕