(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពឱ្យសិក្សាលទ្ធភាពបើកស្ថានទូតខ្មែរនៅប្រទេសប៉ាគីស្ថាន ដើម្បីពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប៉ាគីស្ថាន។ ការឯកភាពនេះ ធ្វើឡើងតបតាមការស្នើសុំរបស់ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅកម្ពុជា។
នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យលោក ហ្សាហៀរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
យោងតាមបណ្តាញសង្គមរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងជំនួបព្រឹកមិញនេះ សម្តេចធិបតី បានសម្តែងការស្វាគមន៍ចំពោះវត្តមានរបស់ឯកអគ្គរដ្ឋទូត និងបានផ្តាំផ្ញើការថ្លែងអំណរគុណជូនដល់ លោក អាន់វ៉ាអា-អ៊ុល-ហាក់ កាកា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ចំពោះសារលិខិតអបអរសាទរ ក្នុងឱកាសដែល សម្តេចធិបតី ចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា។ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបន្តអនុវត្តនូវគោលនយោបាយនៃការរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ជាមួយប៉ាគីស្ថាន ព្រមទាំងសង្ឃឹមថា ប្រទេសទាំងពីរនឹងអាចពង្រឹង និងពង្រីកទំនាក់ទំនងកាន់តែប្រសើរឡើងថែមទៀត។
លោកឯកអគ្គរដ្ឋទូត បានសម្តែងការអបអរសាទរចំពោះការចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រីរបស់ សម្តេចធិបតី ក៏ដូចជាចំពោះជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាលពីខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។
លោកឯកអគ្គរដ្ឋទូត ក៏បានបង្ហាញនូវក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការកម្ពុជា-ប៉ាគីស្ថាន នឹងកាន់តែត្រូវបានលើកកម្ពស់ប្រសើរឡើងបន្ថែមទៀត ជាពិសេសស្របពេលដែលកន្លងមក ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា នៅក្នុងវិស័យជាច្រើន ជាអាទិ៍វិស័យពាណិជ្ជកម្ម ដែលត្រូវបានកត់សម្គាល់តាមរយៈលទ្ធភាពនៃការបង្កើតគណៈកម្មការពាណិជ្ជកម្មចម្រុះ (Joint Trade Committee) ដែលជាយន្តការល្អមួយ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនេះ។ ដោយទ្បែកវិស័យការពារជាតិ ក៏បានស្តែងឡើងតាមរយៈការចូលចតនាវា និងការបំពេញទស្សនកិច្ចផ្លូវការរបស់មន្ត្រីយោធាជាន់ខ្ពស់ផងដែរ។ លើសពីនេះ ភាគីទាំងពីរ ក៏បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យកសិកម្ម។
ក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន បានគោរពអញ្ជើញសម្តេចធិបតី ទៅបំពេញទស្សនកិច្ចផ្លូវការនៅប៉ាគីស្ថាន៕