(ភ្នំពេញ)៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានផ្ដាំផ្ញើទៅអគ្គរាជទូតថ្មី ៥នាក់ ដែលចេញទៅបំពេញការងារនៅក្រៅប្រទេស ត្រូវធ្វើយ៉ាងណាខិតខំប្រឹងប្រែង ទាក់ទាញវិនិយោគមកកម្ពុជាឲ្យ បានកាន់តែច្រើន។ ការថ្លែងរបស់សម្ដេច ហេង សំរិន ធ្វើក្នុងជំនួបជម្រាបលារបស់អគ្គរាជទូតថ្មី ៥នាក់ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ នៅវិមានរដ្ឋសភា។
លោក សុក ជា អគ្គរាជទូតថ្មីដែលត្រូវបានតែងតាំង ឱ្យប្រចាំនៅប្រទេសមីយ៉ាន់ម៉ា បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា សម្ដេច ហេង សំរិន បានផ្ដាំផ្ញើនូវគោលការណ៍ ៥ចំណុចធំៗ គឺ ទី១-ត្រូវខិតខំប្រឹងប្រែងការពារផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា នៅប្រទេសក្រៅប្រទេស និងសម្របសម្រួលការងារឲ្យបានល្អសម្រាប់ប្រជាជនកម្ពុជា ទី២-ខិតខំធ្វើយ៉ាងណាទាក់ទាញវិនិយោគទេសចរណ៍ឲ្យ បានច្រើនក្នុងប្រទេសកម្ពុជាទី៣-ខិតខំធ្វើយ៉ាងណាផ្សព្វផ្សាយ អំពីកម្ពុជាឲ្យគេស្គាល់ឲ្យបានច្បាស់ពីវប្បធម៌ អរិយធម៌កម្ពុជាដែលរុងរឿង តាំងពីសម័យអង្គរ ទី៤-ត្រូវធ្វើយ៉ាងណាឲ្យមានប្រតិកម្មភ្លាមៗ ចំពោះព័ត៌មានអវិជ្ជាមានពីកម្ពុជា និងទី-៥ត្រូវក្ដាប់ឲ្យបានពីសភាពការនយោបាយនៅប្រទេសដែលខ្លួនតាំងនៅ ហើយធ្វើរបាយការណ៍ឲ្យ បានទាន់ពេលវេលា ដែលពាក់ព័ន្ធនឹងកម្ពុជា។
ដើម្បីជាការឆ្លើយតប អគ្គរាជទូតថ្មីទាំង៥នាក់ បានធ្វើការប្ដេជ្ញាចិត្តថា ការពារផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជានៅក្រៅប្រទេស ដើម្បីឲ្យស្របតាមមាត្រា៥៣, ៥៤ នៃរដ្ឋធម្មនុញ្ញកម្ពុជា និងខិតខំធ្វើសកម្មភាពឲ្យបានខ្លាំងខ្លា ដើម្បីទាក់ទាញវិនិយោគ ទេសចរណ៍ឲ្យចូលមកកម្ពុជាឲ្យបានច្រើន ព្រមទាំងខិតខំពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ ទំនាក់ទំនងទ្វេភាគី លើគ្រប់វិស័យលើប្រទេស ម្ចាស់ផ្ទះ ពិសេសការផ្លាស់ប្ដូរវប្បធម៌ផងដែរ។ លោកក៏បានបញ្ជាក់បន្ថែមថា ផែនការរបស់អគ្គទូតថ្មីនេះ គឺ «ខិតខំធ្វើសកម្មភាពតាមគោលនយោបាយ ដើម្បីប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ»។
សូមបញ្ជាក់ថា អគ្គរាជទូតថ្មី៥នាក់នេះ រួមមាន ទី១-លោក ហេង សុផល ប្រចាំនៅសាធារណៈគុយបា ទី២-លោក កែវ វិសិដ្ឋ ប្រចាំនៅសហព័ន្ធរុស្ស៊ី ទី៣-លោក ប្រាក់ ងួនហុង ប្រចាំនៅសាធារណៈរដ្ឋវៀតណាម ទី៤-លោក សុក ជា ប្រចាំនៅសហភាពមីយ៉ាន់ម៉ា និងទី៥-លោក អ៊ុក ចាន់ដារ៉ា ប្រចាំនៅប្រទេសប្រ៊ុយណេ៕