(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមរាប់បាត្រ វេរភត្ត គ្រឿងសក្ការៈ បរិក្ខារទាំងឡាយ ថ្វាយព្រះសម្មាសម្ពុទ្ធ ប្រគេនជូនព្រះសង្ឃ និងឧទ្ទិសមហាកុសលដល់បុព្វការីជន និងញាតិទាំងឡាយក្នុង សង្សាវដ្ត បញ្ចប់កាន់វេនបិណ្ឌទី៤ ឈានចូលវេនទី៥ នៅវត្តចមសុទ្ធាវាស (វត្តស្វាយចាស់) ស្ថិតនៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បាននាំយកនូវទេយ្យទាន ទេយ្យវត្ថុ ប្រគេនជូនដល់ព្រះសង្ឃរួមមាន៖ អង្ក១០០គីឡូក្រាម, ទឹកសុទ្ធ១០យួរ,មី៤កេស ត្រីខ៤យួរ, ទឹកក្រូច០៣កេស បច្ច័យចូលរួមកាន់វេនបិណ្ឌសរុបចំនួន ១០លានរៀល។
លោកបានបន្ថែមថា នេះគឺជាសេរីភាពដែលបង្ហាញអំពីទឹកចិត្តសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទក្នុងគោលបំណងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធ បុព្វការីជនមាន ជីដូន ជីតា ញាត្តិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។
ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់របស់ព្រះពុទ្ធសាសនា។ ពិធីមានរយៈពេល១៥ថ្ងៃ ដោយពីថ្ងៃ០១ រោច ដល់ថ្ងៃ១៥ រោច ខែភទ្របទ ដែលជាថ្ងៃភ្ជុំបិណ្ឌ។ ក្នុងរយៈពេល១៥ នៃពិធីបុណ្យសាសនានេះ ពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្តតែងតែធ្វើចង្ហាន់វេរប្រគេនព្រះសង្ឃជាប្រចាំ ដោយគណៈកម្មការវត្តបែងចែកជាវេនដើម្បីផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃរហូតចប់ពិធីបុណ្យភ្ជុំបិណ្យ៕