(បន្ទាយមានជ័យ)៖ លោក សំរិទ្ធិ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំដល់កងកម្លាំងនគរបាលការពារព្រំដែនគោកទិសភូមិភាគទី៥ ត្រូវពង្រឹងការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ខិតខំទប់ស្កាត់បទល្មើសឆ្លងដែន និងការពារសុវត្ថិភាពប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនឱ្យមានសុខសន្តិភាព។

ការដាស់តឿននេះធ្វើឡើងនាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ នៅទីបញ្ជាការប្រចាំទិសទី៥ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកបានផ្តាំផ្ញើដល់កងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃត្រូវបង្កើនការទំនាក់ទំនាក់ល្អនិងពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយកងកម្លាំងប្រទេសជិតខាង គោលដៅកសាងព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍរីកចម្រើនតាមបន្ទាត់ព្រំដែន។

លោក សំរិទ្ធិ ឌី បាននាំយកអំណោយលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានអំណោយគ្រឿងបរិភោគមានមី១១១កេស ត្រីខ៥៤កេស ទឹកក្រូច១៣១កេស ភេជ្ជៈ២៦៧កេស និងថវិការចំនួន៥៤លានរៀល បានចែកជូនដល់កងកម្លាំងនគរបាលការពារព្រំដែនគោកទិសភូមិភាគទី៥ ចំនួន១០វរសេនាតូច និង៦៤ប៉ុស្តិ៍ ដែលមានកម្លាំងសរុបចំនួន១,៥៩១នាក់ ដែលកំពុងការពារបូរណភាពទឹកដីភូមិសាស្ត្រ៤ខេត្ត មានខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ តាមបន្ទាត់ព្រំដែនប្រវែង៣៥៧គីឡូម៉ែត្រ៕