(ភ្នំពេញ)៖ គិតត្រឹមម៉ោង១២៖០០ថ្ងៃត្រង់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក សេង លាង បានបញ្ចប់ការសាកសួរចម្លើយលើ លោក ជួប សម្លាប់ ជនដៃដល់ដែលបានបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី ហើយ។ ប៉ុន្តែទោះជាយ៉ាងណា លទ្ធផលនៅមិនទាន់បង្ហាញនៅឡើយ។
លោក ជួប សម្លាប់ ដែលសមត្ថកិច្ចអះអាងថា ជាជនដៃដល់ក្នុងការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី នោះ ត្រូវបានអនុរក្សពន្ធនាគារព្រៃស បញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកមិញ ដើម្បីបន្តសាកសួរបន្ថែម។ ខណៈដែលការសាកសួរកន្លងមក ត្រូវបានសមត្ថកិច្ចអះអាងថា ជននេះមិនព្រមសារភាពអ្វីលើសពីការអះអាងថា ខ្លួនឈ្មោះជួប សម្លាប់ នោះឡើយ។
ជនដៃដល់ដែលដាក់រហ័សនាមខ្លួនឯងថា ជួប សម្លាប់ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក សេង លាង សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ដោយចោទប្រកាន់ចំនួន២ករណី ដែលធ្វើឱ្យរូបគេប្រឈម នឹងការជាប់ពន្ធនាគារមួយជីវិតក្នុងនោះទី១ ពីបទឃាតកម្មគិតទុកជាមុន និងទី២ ជាបទ កាន់កាប់អាវុធគ្មានការអនុញ្ញាត៕