(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល ដើម្បីអនុវត្តយុទ្ធសាស្រ្តអាទិភាពមួយក្នុងចំណោមអាទិភាព ៣ បានដាក់ចេញ។

ការរៀបចំវគ្គបណ្តុះបណ្តាលនេះ ក្នុងគោលបំណងអនុវត្តយុទ្ធសាស្រ្តគន្លឹះចំនួន ៩ចំនុច និងអាទិភាព ៣ រួមមាន ១)ការពង្រឹងមណ្ឌលសុខភាពលើហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់ឱសថ សម្ភារបរិក្ខារ និងសមត្ថភាពបុគ្គលិក ២)ការពង្រឹងមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ លើការសង្គ្រោះបន្ទាន់ ប្រពោធនកម្ម ផ្នែកវះកាត់ មន្ទីរពិសោធន៍ និងរូបភាពវេជ្ជសាស្ត្រ និង៣)ការពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំមន្ត្រីនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីគាំទ្រកំណែទម្រង់ និងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងតាមប្រព័ន្ធវីដេអូសន្និសទី (videoconferencing) មានអ្នកចូលរួមសរុបចំនួន ១,៨៥០នាក់ ដែលមានសមាសភាព ចាប់ពីប្រធានការិយាល័យទីស្តីការក្រសួងសុខាភិបាល រហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធាន-អនុប្រធានអង្គភាពថ្នាក់កណ្តាល ព្រមទាំងប្រធានអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត។

សូមបញ្ជាក់ដែរថា វគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ នឹងរៀបចំឡើងតាមប្រព័ន្ធវីដេអូសន្និសទីជារៀងរាល់រសៀលថ្ងៃអង្គារ ចាប់ពីថ្ងៃទី៣ ខែតុលា នេះតទៅ សម្រាប់ថ្ងៃនេះ គឺជាវគ្គទី១ និងជាការចាប់ផ្តើម៕