(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារ រវាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រី Jane Madden ប្រធានក្រុមប្រឹក្សាភិបាល មូលនិធិហ្រ្វេតហូឡូកម្ពុជា The Fred Hollows Foundation (FHF) ភាគីទាំងពីរបានប្ដេជ្ញារួមគ្នាជួយលើកកម្ពស់ថែទាំសុខភាពភ្នែកជូនប្រជាជនកាន់តែមានគុណភាព និងគ្រប់ដណ្ដប់ឱ្យបានទូទាំងប្រទេស។ ជំនួបនេះបានធ្វើឡើងនៅទីស្ដីការក្រសួង នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីក៏ថ្លែងអំណរគុណដល់ មូលនិធិហ្រ្វេតហូឡូ ដែលបានសហការគាំទ្រកម្មវិធីជាតិសុខភាពភ្នែកនៃក្រសួងសុខាភិបាល ដើម្បីចូលរួមគាំទ្រសេវាសុខភាពភ្នែកឱ្យកាន់តែមានគុណភាពល្អជូនដល់ប្រជាជនកម្ពុជា បានលទ្ធផលគួរជាទីគាប់ចិត្ត តាមរយៈកិច្ចសហការជិតស្និតជាមួយកម្មវិធីជាតិសុខភាពភ្នែក និងមន្ទីរសុខាភិបាលរាជធានី-ខេត្តគោលដៅចាប់តាំងពីឆ្នាំ១៩៩៨មក។

ជាការឆ្លើយតបលោកស្រី Jane Madden ប្រធានក្រុមប្រឹក្សាភិបាល មូលនិធិហ្រ្វេតហូឡូកម្ពុជា បានថ្លែងអបអរសាទរ និងជូនពរ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែលទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលអណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។

លោកស្រីសូមថ្លែងអំណរគុណដល់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានជ្រាបយ៉ាងច្បាស់ពីសកម្មភាពការងាររបស់មូលនិធិ និងបានជម្រាបជូនបន្ថែមថា មូលនិធិបានអនុវត្តគម្រោងជាច្រើនដូចជា ជួយព្យាបាលជំងឺភ្នែកដែលអាចបង្ការបាន ដោយចូលរួមគាំទ្រការវះកាត់ជំងឺភ្នែកជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ ផ្តល់ជំនួយបច្ចេកទេសក្នុងការបណ្តុះបណ្តាលធនធាន មនុស្សផ្នែកចក្ខុសាស្ត្រទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈកម្មវិធីជាតិសុខភាពភ្នែក និងចូលរួមគាំទ្រក្នុងផែនការយុទ្ធសាស្ត្របង្ការ និងលុបបំបាត់ជំងឺភ្នែកដែលអាចបង្ការបាន ដោយមិនទុកឱ្យនរណាម្នាក់មិនត្រូវបានយកចិត្តទុកដាក់នោះឡើយ ព្រមទាំងស្នើសុំអនុសាសន៍បន្ថែមសម្រាប់ការងារមូលនិធិ។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសរំលេចថា មូលនិធិគួរបន្តពង្រីកសកម្មភាពជួយទៅបណ្តាខេត្តផ្សេងទៀត ជួយបណ្តុះបណ្តាលធានធនមនុស្ស គ្រូពេទ្យ ឯកទេស ចក្ខុគិលានុបដ្ឋាក និងអ្នកវ៉ាស់ និងកាត់វ៉ែនតា ដើម្បីឱ្យគ្រប់ដណ្តប់សេវាថែទាំសុខភាពភ្នែកបានទូទាំងប្រទេស ដោយជួយ៖
* បង្កើត និងកែលំអហេដ្ឋារចនាសម្ព័ន្ធ អាគារចក្ខុរោគ និងមណ្ឌលស្តារគំហើញ តាមបណ្តាខេត្ត
* បំពាក់ឧបករណ៍សម្ភារៈ ដើម្បីឱ្យការផ្តល់សេវាប្រកបដោយគុណភាព សុវត្ថិភាព
* Digital eye health និងប្រព័ន្ធព័ត៌មានវិទ្យា Eye health Information System
* ជួយដល់ការវៈកាត់ជូនប្រជាពលរដ្ឋមានជំងឺភ្នែកឡើងបាយ និង Screening ទៅតាមសហគមន៍
* ជួយដល់ការស្រាវជ្រាវទៅលើបញ្ហាជំងឺភ្នែកដូច glaucoma ,cataract, diabetes retinopathy, refractive error

លោកស្រី Jane Madden បានបញ្ជាក់ជូនថា មូលនិធិនឹងយកអនុសាសន៍គន្លឹះរបស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី រៀបចំផែនការសកម្មភាពពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលបន្តទៀត ដោយសហការយ៉ាងជិតស្និទ្ធជាមួយកម្មវិធីជាតិសុខភាពភ្នែក។

លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ មូលនិធិហ្រ្វេតហូឡូ ដែលបានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណនៃរាជរដ្ឋាភិបាលអណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕