(ភ្នំពេញ)៖ ភរិយាសម្តេចក្រឡាហោម ស ខេង និងភរិយាលលោក កែ គឹមយ៉ាន រួមជាមួយក្រុមគ្រួសារនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ បានដឹកនាំក្មេងៗកុមារកំព្រា នៅមណ្ឌលសង្គ្រោះជនអស់សង្ឃឹមលើកទី២ នៅខេត្តបន្ទាយមានជ័យ មកដើរលេងកំសាន្ត នៅមជ្ឈមណ្ឌលកំសាន្ត Grand Phnom Penh ព្រមទាំងបានឧបត្ថម្ភនូវអំណោយ សម្ភារសិក្សាជាច្រើនផងដែរ។ លោក រិញ ប៊ុនឈួយ នាយកមជ្ឈមណ្ឌល បានឲ្យដឹងថា កុមារកំព្រាទាំងអស់ចំនួន ១៥២នាក់ ក្នុងនោះក្មេងប្រុសចំនួន៨៩នាក់ និងក្មេងស្រីចំនួន៦៣នាក់ និងបុគ្គលិកចំនួន២៦នាក់។
លោកបន្តថា មណ្ឌលរបស់លោកមានតម្រូវការច្រើនដើម្បីជួយផ្តត់ផ្តង់ដល់ក្មេងៗ ទាំងសម្ភារប្រើប្រាស់ និងអាហារហូបចុក ដែលគម្រោងទាំងអស់នេះគឺមួយផ្នែកទទួលបានពីប្រទេសក្រៅ និងសប្បុរសជនក្នុងស្រុកពិសេស គឺលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងក្រុមការងារ ដែលតែងតែជួយឧបត្ថម្ភផ្នែកថវិកា សម្ភារដល់ក្មេងៗទាំងនេះ។ សម្រាប់ក្មេងៗទាំងនេះត្រូវបានលោកស្រី និងក្រុមគ្រួសាររៀបចំអាហារពេលព្រឹក គុយទាវ នំបុ័ង នំបាវ អន្សំ ភេសជ្ជៈគ្រប់មុខ អាហារថ្ងៃត្រង់ ម្ហូបតុយ៉ាងសប្បាយរីករាយ៕