(ម៉ូស្គូ)៖ វិមានក្រឹមឡាំងបានឱ្យដឹងនៅថ្ងៃអង្គានេះរថា ប្រទេសរុស្ស៊ីមិនបានបោះបង់ចោលការផ្អាករបស់ខ្លួន លើការធ្វើតេស្តនុយក្លេអ៊ែរនោះទេ ហើយបានច្រានចោលការលើកឡើងរបស់អ្នកអត្ថាធិប្បាយម្នាក់ដែលថា ទីក្រុងមូស្គូគួរតែបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែររយៈចម្ងាយខ្ពស់​ ដើម្បីជាការព្រមានដល់លោកខាងលិច។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣។

ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ដែលគ្រប់គ្រងអំណាចនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក បានព្រមានលោកខាងលិចម្តងហើយម្តងទៀតថា ការវាយប្រហារណាមួយលើរុស្ស៊ីអាចបង្កឱ្យមានប្រតិកម្មនុយក្លេអ៊ែរ។

ការតេស្តសាកល្បងនុយក្លេអ៊ែរចុងក្រោយរបស់សហភាពសូវៀត បានធ្វើឡើងក្នុងឆ្នាំ ១៩៩០។ ការសាកល្បងនុយក្លេអ៊ែរចុងក្រោយរបស់សហរដ្ឋអាមេរិក បានកើតឡើងនៅឆ្នាំ ១៩៩២ ហើយប្រទេសបារាំង និងប្រទេសចិនបានធ្វើការសាកល្បងនុយក្លេអ៊ែរចុងក្រោយរបស់ពួកគេក្នុងឆ្នាំ ១៩៩៦ នេះបើយោងតាមអង្គការសហប្រជាជាតិ។

វិមានក្រឹមឡាំងបាននិយាយថា ខ្លួនមិនបានបោះបង់ចោលការផ្អាករបស់ខ្លួន លើការតេស្តសាកល្បងទេ នៅពេលដែលត្រូវបានសួរអំពីការកត់សម្គាល់របស់ លោក Margarita Simonyan ដែលជានិពន្ធនាយកនៃទូរទស្សន៍ដែលផ្តល់មូលនិធិដោយរដ្ឋ RT ដែលបានស្នើថា រុស្ស៊ីគួរតែបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរនៅប្រទេសស៊ីបេរី។

គួរបញ្ជាក់ថា លោក Simonyan បានស្នើនៅក្នុងបទសម្ភាសន៍មួយថា រុស្ស៊ីគួរតែបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរនៅរយៈកម្ពស់ខ្ពស់លើស៊ីបេរី ដើម្បីជាការព្រមានដល់លោកខាងលិច។ លោកបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា វិបត្តិអ៊ុយក្រែនកំពុងឆ្ពោះទៅរកឱសានវាទនុយក្លេអ៊ែរ ហើយថាលោកខាងលិចនឹងមិនបញ្ឈប់ឡើយ រហូតដល់រុស្ស៊ីផ្ញើសារនុយក្លេអ៊ែរ៕