(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីអបអរសាទរ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង»។ ពិធីនេះធ្វើឡើងនៅឆ្នេរអូឈើទាល២ ស្ថិតនៅសង្កាត់លេខ៤ ក្រុ​ង-ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។

លោក ម៉ាង ស៊ីណេត អភិបាលខេត្ដព្រះសីហនុ បានអានសារលិខិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់បន្ថែមពីការប្រារព្ធទិវាទេសចរណ៍ពិភពលោក ២៧ កញ្ញា លើកទី៤៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង ព្រមទាំងអបអរសាទរទិវាពិភពលោកស្អាតលើកទី៦» ព្រមទាំងអនុសាសន៍ណែនាំមួយចំនួន ដើម្បីរួមគ្នាសហការគ្នាគ្រប់ភាគីក្នុងការជំរុញកំណើនទេសចរណ៍ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល។

ដើម្បីចូលរួមបានអបអរសាទរ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ លោកអភិបាលរងខេត្ត បានណែនាំដល់អ្នកចូលរួមដូចខាងក្រោម៖

ទី១៖ សូមចូលរួមអភិរក្ស និងការពារដើមឈើ និងតំបន់ព្រៃឈើទាំងអស់គ្នា ដែលអភិរក្សដោយក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ព្រោះព្រៃឈើទាំងអស់នេះជាជង្រុករក្សាបរិស្ថានរបស់យើងបានល្អ ជាប្រភពប្រព័ន្ធអេកូឡូស៊ី និងអភិរក្សបាននូវជីវចម្រុះនៃចំណូលរបស់ប្រជាពលរដ្ឋ ព្រោះព្រៃឈើបញ្ចេញឧស្ម័នអុកស៊ីសែន ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការរស់នៅ បច្ចុប្បន្នក្រសួងបរិស្ថានធ្វើការយ៉ាងសកម្មក្នុងការលក់កាបោនទៅឱ្យអន្តរជាតិនេះជាមោទនភាពរបស់យើងក្នុងការថែរក្សាបាននូវព្រៃឈើ។

ទី២៖ រួមគ្នាដាំដើមឈើ ផ្តើមចេញពីលំនៅឋានរបស់បងប្អូន សាលារៀន វត្តអារាម និងតាមដងផ្លូវសាធារណ ក៏ដូចជាមន្ទីរ អង្គភាពរបស់ខ្លួន ទន្ទឹមនោះការដាំដើមឈើហូបផ្លែ បន្លែបង្កើតនូវភាពបៃតងដែលជាផលប្រយោជន៍សេដ្ឋកិច្ចនេះការការចូលរួមនៃការបង្កើតភាពបៃតង។

ទី៣៖ ដើម្បីអនុវត្តនូវគោលដៅដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីយើងទាំងអស់គ្នា ដូច្នេះសូមបងប្អូនប្រើប្រាស់ទូរស័ព្ទរបស់យើងឱ្យមានប្រសិទ្ធភាព ទីកន្លែងទេសចរណ៍មានភាពស្អាត សូមថតបង្ហោះតាម Facbook ដើម្បីបង្ហាញផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេស ចរណ៍ដទៃទៀតឱ្យគេបានស្គាល់សក្តានុពលនៃវិស័យទេសចរណ៍នៅក្នុងខេត្តរបស់យើង សូមប្អូនៗជាសិស្សានុសិស្ស និស្សិត យុវជនបន្តជួយផ្សព្វផ្សាយសម្បត្តិវប្បធម៌របស់កម្ពុជា មានដូចជា៖ ប្រាសាទអង្គរវត្ត ប្រាសាទកោះកេរ និងប្រាសាទជាច្រើនទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងតំបន់ទេសចរណ៍ ដោយចូលទៅ Comment Cambodia ឬកម្ពុជាសូមស្វាគមន៍ ឬពាក្យពេជ្រល្អៗជាច្រើនផ្សេងទៀត ដើម្បីធ្វើការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុ ក៏ដូចជាមកកម្ពុជារបស់យើង។

ទី៤៖ សូមចូលរួមថែរក្សាបរិស្ថាន អនាម័យនៅតាមឆ្នេរ ទីសាធារណៈរបស់យើងឱ្យបានស្អាតទាំងអស់គ្នា ឱ្យមានភាពស្រស់បំព្រង និងទទួលបានការកោតសរសើរពីមហាជន អ្នកទេសចរមកសម្រាកលំហែកាយក្នុងខេត្តព្រះសីហនុរបស់យើងឱ្យកាន់តែច្រើនបន្ថែមទៀត។

ក្នុងឱកាសនោះលោកបានដឹកនាំអ្នកចូលរួមកម្មវិធិទាំងអស់ដើរសំអាតបរិស្ថានតាមឆ្នេរអូរឈើទាល២ ប្រកបដោយបរិយាកាសស្និតស្នាលរីករាយ។

គូសបញ្ជាក់ថា រយៈពេល០៨ខែ ដើមឆ្នាំ២០២៣នេះ កម្ពុជា ទទួលបានទេសចរអន្តរជាតិប្រមាណ ៣.៥លាននាក់ កើនឡើង ២៥១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ ដោយឡែកបើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ គ្រាមុនវិបត្តិកូវីដ១៩ យើងឃើញថា ចំនួននេះនៅមានការថយចុះជិត ២០% នៅឡើយពោលគឺយើងទើបតែទទួលបានទេសចរអន្តរជាតិប្រមាណ ៨០% នៃកម្រិតមុនវិបត្តិសម្រាប់រយៈពេល ៨ខែ ឆ្នាំ២០២៣នេះ។ ការរំពឹងទុកកម្ពុជានឹងទទួលបានទេសចរអន្តរជាតិក្នុងរង្វង់ប្រមាណ ៤.៥លាន ទៅ ៥លាននាក់ សម្រាប់ពេញមួយឆ្នាំ២០២៣ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍៕