Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យអគ្គស្នងការដ្ឋាន៖ យានយន្ត ៣៥៨គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣

03-10-2023 18:34

(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ៣៥៨គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងនោះមានម៉ូតូ ៣២១គ្រឿង និងរថយន្ត ៣៧គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

បើតាមអ្នកនាំពាក្យ, សម្រាប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១,២០១គ្រឿង ក្នុងនោះមានម៉ូតូ ១,១០៣គ្រឿង និងរថយន្តគ្រប់ប្រភេទ ៩៨គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ល្មើសសញ្ញា ស្រវឹង ភ្លើង/ផ្លាស ក្រោមសារជាតិញៀន និងអត់ស្លាកលេខជាដើម។ ដោយឡែករថយន្តរួមមាន៖ អត់បណ្ណបើកបរ ល្មើសល្បឿន ស្រវឹង កែច្នៃ គ្មានភ្លើងបំភ្លឺ ដឹកសំពីងសំពោង ឆៀក និងល្មើសសញ្ញាជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ១០លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៧នាក់ របួសចំនួន ១១នាក់ (របួសធ្ងន់ចំនួន ០៧នាក់)។ រយៈពេល ០៣ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣២លើក បណ្ដាលឱ្យមនុស្សស្លាប់ ២០នាក់ របួស ៤២នាក់ (របួសធ្ងន់ ២៧នាក់)៕