(សៀមរាប)៖ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ អាជ្ញាធរខេត្តសៀមរាប បានបើកកិច្ចប្រជុំស្តីពីការចុះចងក្រងករណីសិក្សាល្អៗ ក្នុងការដោះស្រាយបណ្តឹងនៅការិយាល័យប្រជាពលរដ្ឋខេត្ត ក្រោមវត្តមានរបស់លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឌុក ណារ៉េត ទីប្រឹក្សាក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមពីលោក លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត លោក លោកស្រីជាប្រធាន អនុប្រធានផ្នែកទាំងពីរ និងក្រុមការងារប្រតិភូអមដំណើរទីប្រឹក្សាក្រសួងផងដែរ។

ក្នុងឱកាសនោះដែរ លោក អ៊ាន ឃុន បានលើកឡើងថា ចាប់តាំងពីការអនុវត្តនូវកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការមក រាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់នូវការងារកំណែទម្រង់ធំៗជាច្រើន ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ តួយ៉ាងតាមរយៈការបន្តពង្រឹង និងអភិវឌ្ឍន៍ធនធានមនុស្ស ការផ្ទេរមុខងារ ធនធានថវិកា និងទ្រព្យសម្បត្តិ សំដៅធានាឱ្យរដ្ឋបាល នៅថ្នាក់ក្រោមជាតិគ្រប់ថ្នាក់បំពេញការងារ ប្រកបដោយគណនេយ្យភាព តម្លាភាព និងការឆ្លើយតបក្នុងការផ្តល់សេវាសាធារណៈសម្រាប់ការអភិវឌ្ឍមូលដ្ឋាន ដើម្បីរួមចំណែកអភិវឌ្ឍន៍ សង្គមសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។

សមិទ្ធផលនៃកំណែទម្រង់ខាងលើនេះ បានលើកកម្ពស់នូវគុណភាពសេវា និងបានលើកទឹកចិត្ត ឱ្យមន្រ្តីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តកិច្ចខិតខំប្រឹងប្រែងបោះជំហានកាន់តែស៊ីជម្រៅថែមទៀត ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ឆ្លើយតបទៅនឹងគោលការណ៍អភិបាលកិច្ចល្អ។

លោក អ៊ាន ឃុន បានបន្តថា ក្នុងអំឡុងពេលជិត ០៥ឆ្នាំមកនេះ (គិតចាប់ពីឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣) ការិយាល័យប្រជាពលរដ្ឋខេត្ត បានទទួលពាក្យបណ្តឹងក្នុងសមត្ថកិច្ចចំនួន ១៥៣ករណី បណ្តឹងក្រៅសមត្ថកិច្ចចំនួន ២២ករណី និងព័ត៌មានផ្សេងៗចំនួន ៣៣ករណី។ ក្នុងនោះដែរ ការិយាល័យប្រជាពលរដ្ឋខេត្តបានខិតខំប្រឹងប្រែង ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋដោយការទទួល និងសម្រុះសម្រួលដោះស្រាយ ស៊ើបអង្កេត រាយការណ៍ និងផ្តល់អនុសាសន៍ទៅលើបណ្តឹងរដ្ឋបាល ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងផ្តល់កិច្ចសហការក្នុងការផ្តល់បទសម្ភាសន៍ជាមួយក្រុមការងារអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដើម្បីប្រមូលព័ត៌មានអំពីបទពិសោធន៍ជោគជ័យឱ្យបានរលូន និងទទួលបានជោគជ័យបន្តទៀត។

លោក អ៊ាន ឃុន បានបន្តទៀតថា ទោះបីការិយាល័យប្រជាពលរដ្ឋខេត្តស្ថិតក្នុងខេត្តគោលដៅនៃការចងក្រងករណីសិក្សាល្អៗក្នុងការដោះស្រាយបណ្តឹងនាពេលនេះក៏ដោយ ក៏ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប ក៏នៅមានចំណុចខ្វះខាតមួយចំនួន ដែលជាបញ្ហាប្រឈមដែលត្រូវពុះពារដោះស្រាយអនុវត្តបន្ត។

លោក ឌុក ណារ៉េត ទីប្រឹក្សាក្រសួងមហាផ្ទៃ បានលើកអំពីគោលបំណងក្នុងការចងក្រងករណីសិក្សាល្អៗ ក្នុងការដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋខេត្ត គឺដើមី្បធ្វើការចងក្រងករណីសិក្សាល្អៗ ដែលបានដោះស្រាយបណ្តឹង ស្របតាមការណែនាំ ដើមី្បរៀបចំជាមេរៀនបទពិសោធន៍ សម្រាប់ធ្វើការផ្សព្វផ្សាយដល់ការិយាល័យប្រជាពលរដ្ឋ ព្រមទាំងពង្រឹងប្រសិទ្ធភាពលើការបំពេញតួនាទី ភារកិច្ចរបស់ការិយាលប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ។

លោក ឌុក ណារ៉េត បានបន្តថា កម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិ បាល នីតិកាលទី៧ ដែលមានគោលដៅយុទ្ធសាស្ត្រទាំង៥ ក្នុងនោះយុទ្ធសាស្ត្រទី៤ គឺបន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និង គុណភាពស្ថាប័ន ទាំងថ្នាក់ក្រោមជាតិ ដើមី្បធានាឲ្យបាននូវប្រសិទ្ធភាពសេវាសាធារណៈ។ ចំពោះស្នូលនៃយុទ្ធសាស្ត្រ មានកិច្ចការអាទិភាពចំនួន៥ ក្នុងនោះអាទិភាពទី៣ ការលើកកម្ពស់ និងពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ។

លោក ឌុក ណារ៉េត ក៏បានលើកនូវគោលការណ៍ ក្នុងការជ្រើសរើសគោលដៅដែលបានចាត់វិធានការណ៍ដោះស្រាយបណ្តឹង ក្នុងដែនសមត្ថកិច្ចស្របតាមគោលការណ៍ណែនាំ និងសាច់រឿងកើតឡើងពិតប្រាកដ ដែលមានភាពទាក់ទាញ និងផ្តល់នូវមេរៀនល្អៗ ព្រមទាំងចងក្រង នឹងផ្សព្វផ្សាយជាសាធារណៈដល់គោលដៅផ្សេងទៀត និងអ្នកពាក់ព័ន្ធដោយមានការឯកភាពអង្គភាពសាមី ដោយមានការលាក់នូវអត្តសញ្ញាណអ្នកប្តឹង និងអ្នកត្រូវគេប្តឹង ។ 

ជាមួយនេះដែរ លោកក៏បានលើកអំពីវិធីសាស្ត្រក្នុងកិច្ចសម្ភាសន៍ ជាមួយប្រធានក្រុមប្រឹក្សាខេត្ត និងប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ប្រធាន អនុប្រធានផ្នែក អំពីនីតិវិធីក្នុងការដោះស្រាយនូវរាល់ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ទាំងក្នុងដែនសមត្ថកិច្ច និងក្រៅដែនសមត្ថកិច្ច ក្នុងពេលកន្លងមក ទទួលបានលទ្ធផលជាផែ្លផ្កា ដែលជាទីទំនុកចិត្តរបស់ប្រជាពលរដ្ឋ។ ការចុះចងក្រងករណីសិក្សាល្អៗ ក្នុងការដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋ ក្នុងគោលដៅពង្រឹង និងពង្រីកនូវវិសាលភាពរបស់ការិយាល័យប្រជាពលរដ្ឋ ឲ្យកាន់តែមានភាពរីកចម្រើនឡើងថែមទៀត៕