(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញនូវការគាំទ្រ និងគោរពដល់ការ សម្រេចចិត្តរបស់ប្រជាពលរដ្ឋថៃ ដែលបានគាំទ្រលើ សេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី ដែលគេដឹងថារៀបចំឡើងដោយរដ្ឋាភិបាលយោធារបស់ លោកប្រាយុទ្ធ ច័ន្ទអ៊ូចា។
នៅក្នុងសេចក្តីសេចក្តីជូនព័ត៌មាននៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានតាមដានដោយយកចិត្តទុកដាក់ខ្ពស់ នូវការធ្វើប្រជាមតិស្តីពីសេចក្តីព្រាងរដ្ឋធម្មនុញ្ញ នៅប្រទេសថៃថ្មីៗនេះ ដោយកត់សំគាល់ឃើញនូវដំណើរការ ដែលប្រកបដោយសន្តិភាព។
តាមរយៈសេចក្តីជូនព័ត៌មាននេះ ក្រសួងបញ្ជាក់ថា «កម្ពុជាសូមគោរពចំពោះការសំរេចរបស់ប្រជាជនថៃភាគច្រើន ដែលបានបោះឆ្នោតផ្តល់ការគាំទ្រដល់សេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី ដែលនឹងបើកផ្លូវ សំរាប់ការបោះឆ្នោតជាសកល ក៏ដូចជាអនុញ្ញាតឲ្យសមាជិកនៃព្រឹទ្ធសភា ចូលរួមជាមួយសមាជិកសភាតំណាងរាស្ត្រ ក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រី»។
ក្រសួងបន្តថា ក្នុងឋានៈជាអ្នកជិតខាង និងជាមិត្ត កម្ពុជាកត់សំគាល់ និងគោរពនូវបំណងរបស់ប្រជាជនថៃ ហើយវាយតំលៃខ្ពស់ចំពោះតួនាទី របស់ប្រទេសថៃ ក្នុងការរួមចំណែកដល់សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍នៅក្នុងតំបន់។
តាមរយៈសេចក្តីជូនព័ត៌មានដដែលនេះ ក្រសួងបានបញ្ជាក់ថា កម្ពុជាផ្តល់សារៈសំខាន់ខ្លាំងដល់ការបន្តពង្រឹង ពង្រីក ទំនាក់ទំនងមិត្តភាព និង កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យជាមួយប្រទេសថៃ ដើម្បីផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជនទាំងពីរ។
សូមរំលឹកថា កាលពីថ្ងៃអាទិត្យ ទី០៧ ខែសីហា កន្លងទៅនេះ រាជរដ្ឋាភិបាលថៃ បានធ្វើប្រជាមតិថ្មីមួយទៀតទៅលើការរៀបចំតាក់តែង រដ្ឋធម្មនុញ្ញថ្មី ដែលរៀបចំឡើងដោយក្រុមពួកយោធា។ ជាលទ្ធផល នៃការធ្វើប្រជាមតិមានប្រជាពលរដ្ឋថៃ យ៉ាងច្រើនលើសលប់គឺជិត ៨០ភាគរយ បានគាំទ្រលើរដ្ឋធម្មនុញ្ញថ្មីនេះ។
រដ្ឋធម្មនុញ្ញថ្មីនេះ ត្រូវបានគេលើកឡើងថា បានផ្តល់សិទ្ធិអំណាចខ្លាំងទៅលើកម្លាំងយោធាក្នុងការគ្រប់គ្រងរដ្ឋ៕