(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសើរមន្រ្តីពន្ធដារភាគច្រើន ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញការងារប្រមូលពន្ធបានល្អ។ តែជាមួយគ្នានេះ សម្តេចបានណែនាំឱ្យពិនិត្យ រៀបចំយន្តការប្រមូលពន្ធឱ្យកាន់តែ មានប្រសិទ្ធភាពថែមទៀត និងកាត់បន្ថយនីតិវិធីមួយចំនួន កុំឱ្យធ្វើការជាន់គ្នា ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកបង់ពន្ធ។
ការថ្លែងរបស់សម្តេចធ្វើឡើងក្នុងឱកាស សម្តេចអញ្ជើញបន្តចុះជួបកម្មករជិត ២ម៉ឺននាក់ទៀត ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ត្រូវបន្តពង្រឹងយន្តការឆ្លើយតបជាមួយប្រជាពលរដ្ឋ។ កន្លងមកអគ្គនាយកដ្ឋានពន្ធបានបង្កើតមជ្ឈមបណ្ឌល Call Center ដើម្បីទទួលទូរស័ព្ទពី ប្រជាពលរដ្ឋដែលមានចំងល់ ឬកង្វល់ ទាក់ទងនឹងប្រព័ន្ធពន្ធដារ ដោយក្នុងមួយឆ្នាំទទួលបានការហៅចូលពីប្រជាពលរដ្ឋប្រមាណ១០ម៉ឺននាក់។ ករណីនេះអគ្គនាយកដ្ឋានពន្ធដារ ត្រូវពង្រឹងបន្ថែមទៀត។
ជាមួយគ្នានេះ ត្រូវបង្កើនការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា (IT) ដើម្បីជួយជំនួសការងាររបស់មនុស្សបានមួយផ្នែក និងផ្តល់ភាពងាយស្រួលដល់អ្នកបំពេញកាតព្វកិច្ចពន្ធ។ លើសពីនេះទៅទៀត ត្រូវធានាក្រមសីលធម៌ របស់មន្រ្តីពន្ធដារ និងគ្រប់គ្រងកុំឱ្យមានការអនុវត្តលើស។
សម្តេចបានគូសបញ្ជាក់បន្ថែមថា «កន្លងទៅបងប្អូនភាគច្រើនណាស់ខំប្រឹងបំពេញភារកិច្ចមន្រ្តីពន្ធដាររបស់យើង ប៉ុន្តែពេលខ្លះមានការអនុវត្តលើស។ ជួនកាលអ្នកអនុវត្តហ្នឹងមិនច្បាស់លាស់ខ្លួនឯង គាត់ទៅពន្យល់គេ ឱ្យមានកង្វល់។ អីចឹងបានថា ក្រមសីលធម៌ និងការអនុវត្តរបស់មន្រ្តីពន្ធដារ ភាគច្រើនបានល្អហើយ ប៉ុន្តែអគ្គនាយកដ្ឋានពន្ធដារ ត្រូវធ្វើយ៉ាងណា ដើម្បីធានាឱ្យការអនុវត្តមន្រ្តីពន្ធដាររបស់យើងទាំងអស់។ ការងារមួយចំនួនកុំឱ្យអនុវត្តលើស ពាក្យថាអនុវត្តលើសនេះ គួរយល់ហើយ ព្រោះជួនកាល ៩៩នាក់ធ្វើត្រឹមត្រូវ ម្នាក់មានបញ្ហា ធ្វើឱ្យគេវាយប្រហារស្ថាប័នទាំងមូល»។
ការលើកឡើងរបស់សម្តេចធិបតី ដោយសារតែកាលពីពេលថ្មីៗនេះ មានមន្រ្តីពន្ធដារជាប់កិច្ចសន្យាមួយរូប បានអនុវត្តការងារលើស ដែលនាំឱ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត និងមានការរិះគន់។ តែយ៉ាងនេះក្តី មន្រ្តីរូបនោះ ក៏ត្រូវបានបញ្ចប់ការងារផងដែរ៕