Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងទ័ពកងពលតូចអន្តរាគមន៍លេខ៧ ចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងលិចផ្ទះ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

03-10-2023 16:40

(ព្រះវិហារ)៖ ប្រជាពលរដ្ឋជាង១០គ្រួសាររស់នៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង បណ្តាលឱ្យលិចលង់ផ្ទះសំបែង ត្រូវបានជួយសង្រ្គោះដោយកម្លាំងកងទ័ព របស់អង្គភាពកងពលតូចអន្តរាគមន៍៧ ឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សមូរភូមិទិសទី១ ប្រាសាទព្រះវិហារ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ។

មន្ត្រីយោធា បានថ្លែងប្រាប់ឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ កម្លាំងកងទ័ពជំនាញបានត្រៀមរួចជាស្រេច ប្រចាំការ២៤ម៉ោង លើ២៤ ម៉ោង ដើម្បីជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ក៏ដូចជារងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ។

ដោយឡែកនាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ដោយសារទឹកភ្លៀងបន្តធ្លាក់មិនឈប់ បានធ្វើឱ្យផ្ទះសំបែងប្រជាពលរដ្ឋជាង១០គ្រួសារ នៅភូមិខាងលើ បានជន់លិច ប៉ុន្តែត្រូវកងកម្លាំងសង្រ្គោះកងពលតូចអន្តរាគមន៍លេខ៧ ចុះជួយចម្លង និងជម្លៀសប្រជាពលរដ្ឋ គ្រួសារកងទ័ព និងទ្រព្យសម្បត្តិ ទៅកាន់ទីទួលមានសុវត្ថិភាព ដើម្បីការពារពីករណីគ្រោះថ្នាក់ផ្សេងដោយជំនន់ទឹកភ្លៀង។

សូមបញ្ជាក់ថា ស្ថានភាពទឹកភ្លៀងនៅខេត្តព្រះវិហារនាថ្ងៃនេះ បានបន្តធ្លាក់យ៉ាងខ្លាំងគ្រប់ទីកន្លែង បណ្តាលឱ្យតំបន់មួយចំនួនមានការលិចលង់ ដូចជាផ្លូវ ទំនប់បង្ហៀរ....ជាដើម។ ករណីនេះសូមបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន ក្រុមគ្រួសារ និងទ្រព្យសម្បត្តិមានតម្លៃផ្សេងៗ កុំឱ្យរងគ្រោះ និងបាត់បង់ដោយទឹកជំនន់៕