(សិង្ហបុរី)៖ តបតាមការអញ្ជើញរបស់វិទ្យាស្ថាន ISEAS-Yusof Ishak Institute នៅព្រឹកថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមថ្លែងសន្ទរកថាគន្លឹះ ក្នុងវេទិកាតុមូលអាស៊ានលើកទី៣៨ នៅប្រទេសសិង្ហបុរី។

អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ថា តួនាទី និងសារៈសំខាន់របស់អាស៊ាន នៅតែចាំបាច់ណាស់នៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ស្របពេលដែលពិភពលោកមានភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើងៗ។

ដោយឡែកនៅរសៀលថ្ងៃអង្គារ ដដែលនេះ លោកបណ្ឌិត កៅ គឹមហួន បានជួបពិសាបាយការងារថ្ងៃត្រង់ជាមួយលោក Ng Boon Heong នាយកប្រតិបត្តិមូលនិធិ Temasek។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សារិះរកមធ្យោបាយដើម្បីបន្ថែមតម្លៃដល់ភាពជាដៃគូដែលមានស្រាប់រវាងលេខាធិការដ្ឋានអាស៊ាន និងមូលនិធិ Temasek រួមទាំងតាមរយៈការគាំទ្ររបស់មូលនិធិ Temasek ដល់ពានរង្វាន់អាស៊ាន ដែលជាពានរង្វាន់ឈានមុខគេថ្នាក់តំបន់ ក្នុងការទទួលស្គាល់បុគ្គលរូបណាដែលបានចូលរួមចំណែកគួរឱ្យកត់សម្គាល់ដល់ការលើកកម្ពស់សមាហរណកម្មថ្នាក់តំបន់របស់អាស៊ាន៕