(ភ្នំពេញ)៖ ពលរដ្ឋខ្មែរមួយក្រុមបានរៃអង្គាសប្រាក់គ្នាបានប្រមាណ ១,២០៥ដុល្លារ ធ្វើសប្បុរសធម៌ជូនទៅប្រជាពលរដ្ឋម៉ារុក ដែលរងគ្រោះដោយគ្រោះរញ្ជួញដីកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ។
លោក សេត មូហាំម៉ាត់ស៊ីស រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ជាអ្នកដែលបានផ្តួចផ្តើមរៀបចំរៃអង្គាសថវិកា ដើម្បីធ្វើសកម្មភាពមនុស្សធម៌ជួយដល់ពលរដ្ឋម៉ារុក តាមរយៈអង្គការសប្បុរសធម៌ចាន់ស៊ូយូ។
លោក សេត មូហាំម៉ាត់ស៊ីស បានប្រាប់ Fresh News ថា បន្ទាប់ពីលោកឃើញពលរដ្ឋម៉ារុកជួបការលំបាកនេះ លោកក៏បានធ្វើសកម្មភាពរៃអង្គាសថវិកា។ ការរៃអង្គាសនេះ ដើម្បីជួយសម្រាលការលំបាកពលរដ្ឋម៉ារុក។ មួយវិញសកម្មភាពនេះ ជាស្មារតីនៃការជួយគ្នារវាងពលរដ្ឋកម្ពុជា និងម៉ារុក។
តាមរយៈការអំពាវនាវលើបណ្តាញសង្គមមានប្រជាពលរដ្ឋខ្មែរប្រមាណ ៦១នាក់ ចូលរួមក្នុងសកម្មភាពមនុស្សធម៌ឆ្លងទ្វីបនេះ ហើយប្រមូលថវិកាបាន១,២០៥ដុល្លារ។ ថវិកាបានវេរទៅអង្គការសប្បុរសធម៌ចាន់ស៊ូយូ នៅប្រទេសម៉ារុក ហើយអង្គការក៏បានយកទៅចាត់ចែងទិញគ្រឿងឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋម៉ារុក ដែលកំពុងរងគ្រោះ។
បច្ចុប្បន្នកញ្ចប់ជំនួយត្រូវបានយកទៅចែកជូនដល់ដៃប្រជាពលរដ្ឋម៉ារុកហើយ នៅលើកញ្ចប់ជំនួយនោះ បានរំលេចរូបទង់ជាតិរបស់កម្ពុជាផងដែរ។ តាមរយៈកញ្ចប់ជំនួយនេះ ទោះបីមានទំហំតិចតួចយ៉ាងក្តី តែក៏បានបង្ហាញពីបេះដូងរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការចូលរួមចែករំលែកក្តីលំបាកនានា ជាមួយប្រជាពលរដ្ឋនៅលើពិភពលោក។
តំណាងអង្គការសប្បុរសធម៌ចាន់ស៊ូយូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋកម្ពុជា ដែលបានចូលរួមចែករំលែកការលំបាកជាមួយប្រជាពលរដ្ឋម៉ារុក។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ ប្រទេសម៉ារុកជួបគ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ។ គ្រោះរញ្ជួយដីនេះ បានបង្កការរំញ័រចាប់ពីទីក្រុងរ៉ាបា ស្ថិតនៅភាគខាងជើង រហូតដល់ទីក្រុងស៊ីឌី អ៉ីហ្វនី (Sidi Ifni) ស្ថិតនៅភាគខាងត្បូង និងទីក្រុងជាច្រើនទៀត។ គ្រោះរញ្ជួយដីដ៏ខ្លាំងនេះ បណ្តាលមនុស្សរាប់ពាន់នាក់បានស្លាប់ និងរបួស។
លោក សេត មូហាំម៉ាត់ស៊ីស បានបញ្ជាក់ថា លោកមិនទាន់បញ្ចប់ការរៃអង្គាសថវិកាជួយដល់ពលរដ្ឋម៉ារុកនោះទេ។ នៅពេលនេះលោក នៅតែបន្តទទួលការបរិច្ចាគរបស់សប្បុរសជន ហើយនៅពេលបានច្រើនលោកនឹងបញ្ជូនបន្តទៅអង្គការសប្បុរសធម៌ចាន់ស៊ូយូ។
លោកអ្នកចង់ចូលរួមក្នុងសកម្មភាពមនុស្សធម៌នេះ អាចបរិច្ចាគតាមគណនីធនាគារ ABA៖ 012506729 ( SET MUHAMMADSIS)៕