(កំពង់ឆ្នាំង)៖ អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរ កម្លាំងមានសមត្ថកិច្ច មន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសទទួលបដិសណ្ឋាកិច្ច រក្សាសន្តិសុខ សុវត្ថិភាពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានយ៉ាងល្អប្រសើរ ក្នុងឱកាសដែលសម្តេចបានអញ្ជើញមកខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៩-១០ ខែសីហា ឆ្នាំ២០១៦កន្លងទៅនេះ។
លោកអភិបាលខេត្តកំពង់ឆ្នាំង បានលើកឡើងថា «ឱកាសដែលសម្តេចតេជោ នាយករដ្ឋមន្រ្តី អញ្ជើញមកខេត្តកំពង់ឆ្នាំងចំនួន២ថ្ងៃនេះ សម្តេចបានអញ្ជើញជួបសំណេះសំណាល យ៉ាងសមញ្ញចំនួន ១២កន្លែង ប្រកបដោយភាពស្និទ្ធស្នាល រីករាយ រាក់ទាក់ និងបានសុខសុវត្ថិភាពទាំងស្រុង។ សូមបញ្ជាក់ថា សម្រាប់ដំណើរទស្សនកិច្ច ទៅកាន់ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៩-១០ ខែសីហា ឆ្នាំ២០១៦
សម្តេចតេជោ ហ៊ុន សែន បានផ្តល់អំណោយ និងដោះស្រាយនូវបញ្ហាមួយចំនួនសម្រាប់អ្នកខេត្តកំពង់ឆ្នាំង។ ពេលទៅដល់ភ្លាមៗសម្តេចតេជោ បានប្រកាសឧបត្ថម្ភរួមមាន៖
ទី១-សម្រាប់សាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត ទទួលបានអាគារ១ខ្នង ២ជាន់១២បន្ទប់ និងលុបស្រះទឹក២កន្លែង ដើម្បីរៀបចំទីលានកីឡា
ទី២-សម្រាប់វិទ្យាល័យព្រះបាទសុមរាម្រឹត ទទួលបានអាគារ១ខ្នង ៣ ជាន់ ១៨បន្ទប់ និងចាក់ដីទីធ្លាសាលា ដើម្បីរៀបចំទីលានកីឡា
ទី៣-សម្រាប់វិទ្យាល័យ ហ៊ុន សែន រលាប្អៀរ ទទួលបានអាគារ១ខ្នង ២ជាន់ ១២បន្ទប់ ជីកស្រះមួយកន្លែងយកដីចាក់ទីធ្លាធ្វើទីលានកីឡា និងធ្វើរបងព័ទ្ធជុំវិញសាលា
ទី៤-សម្រាប់វិទ្យាល័យបរិបូណ៌ត្បូងទទួលបានអាគារសិក្សា១ខ្នង ២ជាន់ ១២បន្ទប់ ទីចាត់១ខ្នង បណ្ណាល័យ១ខ្នង ជីកស្រះមួយកន្លែងយកដីចាក់ទីធ្លាសាលា និងធ្វើរបងព័ទ្ធជុំវិញសាលា
ទី៥-វិទ្យាល័យ ហ៊ុន សែន បរិបូណ៌ទទួលបានអាគារ២ខ្នង ២ជាន់ ២៤បន្ទប់ ជួសជុលអាគារសម្តេចចាស់ដែលខូច ទីចាត់ការ១ខ្នង ជីកស្រះមួយកន្លែងយកដីចាក់ទីលានកីឡា។
ដោយឡែកនៅពេលត្រឡប់មកពីខេត្តពោធិ៍សាត់ សម្តេចក៏ឆ្លៀតពេលចូលសំណេះសំណាលម្តងទៀត ហើយបានផ្តល់អំណោយដូចជា៖
ទី១-សម្រាប់វិទ្យាល័យក្រុងកំពង់ឆ្នាំង ទទួលបានអាគារសិក្សា១ខ្នង ២ជាន់ មាន១២បន្ទប់ ជួសជុលអាគារចាស់២ខ្នង ១២បន្ទប់ អាគារទីចាត់ការ១ខ្នង ៣បន្ទប់ ជីកស្រះមួយកន្លែងយកដីចាក់ទីលានកីឡា និងធ្វើរបងព័ទ្ធជុំវិញបរិវេណសាលា
ទី២-សម្រាប់សាលាមតេយ្យទីរួមខេត្ត ទទួលបាន អាគារសិក្សា១ខ្នង ៦បន្ទប់ ចាក់សាបទីធ្លាសាលារៀន បន្ទប់១ខ្នង ៤បន្ទប់ និងតបណ្តាញទឹក
ទី៣-ប្រគេនថវិកាជូនព្រះសង្ឃវត្តខេមវន្ត សម្រាប់ផ្សព្វផ្សាយព្រះធម៌ចំនួន១ មឺុនដុល្លារ
ទី៤-វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន រលាប្អៀរ ទទួលបានអាគារសិក្សា ១ខ្នង ២ជាន់ ១២បន្ទប់ អាគារទីចាត់១ខ្នង ៣បន្ទប់ ធ្វើផ្លូវចូលប្រវែង៨០៨ ម៉ែត្រដោយចាក់បេតុង និងធ្វើរបងព័ទ្ធជុំវិញ១២១២ម៉ែត្រ
ទី៥-សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ព្រៃខ្មែ ទទួលបានអាគារទីចាត់ការ១ខ្នង ៣បន្ទប់ ជួសជុលអាគារសិក្សា៣ខ្នង ១៥បន្ទប់ និងបំពាក់សង្ហារឹម ក្រាលការ៉ូមេតេយ្យសិក្សា១ខ្នង ៣បន្ទប់ ធ្វើរបងព័ទ្ធជុំវិញសាលា
ទី៦-វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ទទួលបានអាគារ១ខ្នង ៣ជាន់ ជីកស្រះ១កន្លែង យកដីចាក់ទីលានកីឡា និងឈូសសំអាតទីធ្លាសាលាខាងមុខ
ទី៧-ចាក់ដីលុបបំពេញស្រះ១កន្លែង។ ជាមួយគ្នានេះ កាដូធំសម្រាប់អាជីវករនៅខេត្តកំពង់ឆ្នាំងនោះ គឺសម្តេចអនុញ្ញាតឲ្យបងប្អូន អាចមានសិទ្ធិលក់ដូររហូតដល់ឆ្នាំ២០៤០៕