(រតនគិរី)៖ លោក គិត ទ្រី អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី និងលោកឧត្តមសេនីយ៍ត្រី អ៉ឹម ផានីស្នងការស្តីទីតំណាងលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី ព្រមទាំងមន្ត្រីនគរបាលជាច្រើនរូប នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៤ នៅវត្តអូរចេង ស្រុកកូនមុំ។

ក្នុងឱកាសនោះអ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី បានលើកឡើងពិធីបុណ្យកាន់បិណ្ឌបានប្រព្រឹត្តទៅតាមគន្លងព្រះពុទ្ធសាសនាជាបន្តបន្ទាប់ ដោយក្តីសប្បាយរីករាយជ្រះថ្លា ក្នុងពិធីបុណ្យកាន់បិណ្ឌនេះជារៀងរាល់ឆ្នាំសាសនិកជនទាំងអស់ ដែលកាន់ព្រះពុទ្ធសាសនាតែងតែគោរពប្រណិបត្តិនូវពិធីកាន់បិណ្ឌទំនៀមទំលាប់តាំងពីបុរាណ ដែលមានរយៈពេល១៥ថ្ងៃនៅគ្រប់ទីវត្តអារាមទូទាំងប្រទេស។

លោកបានបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រផងដែរ។

លោកបានបន្ថែមថា នេះគឺជាសេរីភាពដែលបង្ហាញអំពីទឹកចិត្តសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទក្នុងគោលបំណងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធ បុព្វការីជនមាន ជីដូន ជីតា ញាត្តិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។

ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់របស់ព្រះពុទ្ធសាសនា។ ពិធីមានរយៈពេល១៥ថ្ងៃ ដោយពីថ្ងៃ០១ រោច ដល់ថ្ងៃ១៥ រោច ខែភទ្របទ ដែលជាថ្ងៃភ្ជុំបិណ្ឌ។ ក្នុងរយៈពេល១៥ នៃពិធីបុណ្យសាសនានេះ ពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្តតែងតែធ្វើចង្ហាន់វេរប្រគេនព្រះសង្ឃជាប្រចាំ ដោយគណៈកម្មការវត្តបែងចែកជាវេនដើម្បីផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃរហូតចប់ពិធីបុណ្យភ្ជុំបិណ្យ។

សូមបញ្ជាក់ថា ក្នុងពិធីកាន់បិណ្ឌវេនទី៤នេះដែរ ប្រមូលបានបច្ច័យបានចំនួន៣,៦២០,០០០រៀល និង៧២០ដុល្លារ សម្រាប់ប្រើប្រាស់ក្នុងទីអារាម៕