(ភ្នំពេញ)៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ បានរៀបចំកម្មវិធី «ការប្រកួតវាយកូនគោលមិត្ដភាពការទូត-ធុរកិច្ច (Diplomacy-Business Friendship Golf Tournament)» នៅក្លឹបវាយកូនគោល ហ្គាឌិនស៊ីធី (Garden City Golf Club) ជាលើកដំបូង។

ថ្លែងក្នុងឱកាសបើកកម្មវិធី លោកទេសរដ្ឋមន្ត្រី អ៊ុច បូររិទ្ធ បានលើកឡើងថា ការប្រកួតកីឡាវាយកូនគោលមិត្ដភាពការទូត-ធុរកិច្ចនេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងផ្តល់ឱកាសឲ្យតំណាងស្ថានទូត និងស្ថាប័នផ្សេងៗទៀត បានជួបជុំគ្នា តាមរយៈការលេងកីឡា ដើម្បីបង្កើតបាននូវភាពស្និទ្ធស្នាល និងរឹតចំណងមិត្តភាព សាមគ្គីភាពជាមួយគ្នា ឱ្យកាន់តែបានល្អថែមទៀត៕

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្ដី សុខ ចិន្តាសោភា រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបតិ្តការអន្ដរជាតិ បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ក្រៅពីការទូតប្រពៃណី ការទូតអាហារ និងការទូតសេដ្ឋកិច្ច កម្ពុជាក៏បង្កើតការទូតធុរកិច្ចមួយទៀត ដើម្បីរឹតចំណងមិត្តភាព ជាមួយបណ្តាអង្គទូតនានា។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា មូលហេតុ ដែលយកកីឡាវាយកូនហ្គោល ត្រូវបានជ្រើសរើសក្នុងព្រឹត្តិការណ៍នេះ ព្រោះតែវាអាចបង្កើតឱកាសរាប់អានគ្នាទៅវិញទៅមក។

សូមជម្រាបថា ក្នុងកម្មវិធី «ការប្រកួតវាយកូនគោលមិត្ដភាពការទូត-ធុរកិច្ច (Diplomacy-Business Friendship Golf Tournament)» លើកដំបូង ក៏មានអង្គទូតជាច្រើនបានចូលរួមផងដែរ ជាពិសេសអង្គទូតធំៗ ដូចជា ចិន អាមេរិក និងជប៉ុន៕