(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ បណ្ឌិត ទ្រី ចាន់ធុច អនុរដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យអាស៊ី អឺរ៉ុប បានដឹកនាំក្រុមការងារសាកលវិទ្យាល័យអាស៊ីអឺរ៉ុប, សាកលវិទ្យាល័យជាតិកៅស៊ុង នៃវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា និងសមាគមគីវ៉ានីស៍ នាំយកអំណោយសម្ភារៈ និងសៀវភៅអានទៅបំពាក់រៀបចំជូនជាបណ្ណាល័យ១បន្ទប់ នៅសាលាបឋមសិក្សា «ព្រៃតុម្ព» ស្ថិតក្នុងភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូរ ខេត្តកំពត។

នេះជាលើកទី៣ដែលកម្មវិធី «បណ្ណាល័យខ្ញុំ» បានជួយឧបត្ថម្ភដល់សិស្ស ក្នុងតំបន់ដាច់ស្រយាលខ្វះខាត បន្ទាប់ពីបានជួយដល់សិស្សានុសិស្សនៅខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ។

លោកសាស្ដ្រាចារ្យបណ្ឌិត ទ្រី ចាន់ធុច បានថ្លែងថា អំណោយនេះបានមកពីការចូលរួម របស់សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប, សាកលវិទ្យាល័យជាតិកៅស៊ុងនៃវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា, សមាគមគីវ៉ានីស៍ និងសប្បុរសជននានា ដែលរួមគ្នាបង្កើតជាកម្លាំងមនុស្សធ៌ម ជួយដល់វិស័យអបរំនៅកម្ពុជា នេះជាវប្បធ៌មចែករំលែកជួយគ្នា ពីអ្នកមានលទ្ធភាពដល់អ្នកទន់ខ្សោយខ្វះខាត ដើម្បីចូលរួមជួយដល់មនុស្សក្នុងសង្គម បានរីកចំរើនទៅព្រមៗគ្នា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិទាំងមូល ឱ្យបានរីកចម្រើន។

លោកបណ្ឌិត បានណែនាំឲ្យសិស្សានុស្សិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រចាប់ពីថ្នាក់ដំបូងរហូតដល់វិទ្យាល័យ និងបន្តទៅកម្រិតឧត្ដមសិក្សាទៀតឲ្យបានចប់ ដោយយកការអានជាមូលដ្ឋានគ្រឹះក្នុងការសិក្សា ដូចសុភាសិត១ឃ្លាបានពោលថា អានច្រើនកើនបញ្ញា។

ចំណេះវិជ្ជាជាវត្ថុដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន អាចជួយឲ្យចេញផុតពីភាពល្ងង់ខ្លៅ ឲ្យទទួលបាននូវភាពថ្កុំថ្កើងរុងរឿង មិនត្រឹមតែធ្វើឲ្យមានការផ្លាស់ប្ដូរជីវិតរបស់ក្មួយៗ ជីវភាពក្រុមគ្រួសារ និងសហគមន៍ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងរួមចំណែក កាត់បន្ថយភាពក្រីក្រ ផ្លាស់ប្ដូរមុខមាត់ប្រទេសជាតិផងដែរ។

លោក សួន វណ្ណា នាយកសាលាបឋមសិក្សាព្រៃតុម្ព បានថ្លែងអំណរគុណដល់ម្ចាស់អំណោយ និងចាត់ទុកជំនួយឧបត្ថម្ភនាពេលនេះ ជាការជួយសម្រួលការលំបាកខ្វះខាត ដល់សិស្សានុសិស្ស ក្នុងការស្វែងរកឯកសារសម្រាប់អាន សិក្សាស្រាវជ្រាវ និងជាការលើកកម្ពស់ដល់ លើការអានរបស់សិស្សានុសិស្សនៅទីនេះឲ្យកាន់តែប្រសើរ។

សូមជម្រាបថា អំណោយនាំយកទៅបំពាក់នៅបណ្ណាល័យនោះរួមមាន៖ ទូរទស្សន៍១គ្រឿង, ម៉ាស៊ីនចាក់DVD១គ្រឿង, កង្ហារ៥គ្រឿង, អំពូលភ្លើង១៥, ខ្សែភ្លើង១៦០ម៉ែត្រ, កម្រាលផ្លាស្ទីក១០០ ម៉ែត្រការេ, ទូដាក់តាំងសៀវភៅ៥, ធ្នើដាក់ស្បែកជើង២, តុក្មេងមត្តេយ្យ៤០, តុក្មេងអង្គុយអាន៦, កម្រាលផ្លាស្ទីក១០០ម៉ែត្រការ៉េ, សៀវភៅអាន២០០ក្បាល និងកសាងបង្គន់អនាម័យ១បន្ទប់ សម្រាប់សិស្សានុសិស្សប្រើប្រាស់ ខណៈដែលសាលាកំពុងខ្វះខាត។

ក្រៅពីនេះសម្រាប់សិស្សានុសិស្ស៣៣៨នាក់ ក្នុងម្នាក់ទទួលបានសៀវភៅសរសេរ២ក្បាល, ប៊ិច២ដើម, ខ្មៅដៃ២ និងជ័រលុប១ ព្រមទាំងអាហារថ្ងៃត្រង់ផងដែរ៕