(កំពង់ឆ្នាំង)៖ បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ដែលប្រជាជនកម្ពុជា នាំគ្នាប្រារព្ធពិធីបុណ្យនេះ មិនដែលអាក់ខានឡើយ ពោលគឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច មាន រយៈ ពេល១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២... និងរហូតដល់ថៃ្ងបញ្ចប់ជាថៃ្ងភ្ជុំបិណ្ឌ ហើយពុទ្ធបរិស័ទតែងតែ បានដាក់វេនគ្នានាំក្រុមគ្រួសារ ទៅវត្តយកចង្ហាន់ នំ ចំណី ទៅប្រគេនព្រះសង្ឃ នៅតាមវត្តអារាម មិនឱ្យដាច់ឡើយ ដើម្បីជាការឧទ្ទិសផល្លានុផល បាយទឹកនំចំណី ជូនដល់ញាតិការទាំង ៧សណ្តាន ដែលបានចែកឋានទៅ។

បុណ្យភ្ជុំបិណ្ឌនេះដែរ ក៏ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ដែលជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។

ទាំងនេះគឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ តែទោះជាយ៉ាងនេះក្តីក៏នៅតែឃើញមាន នៅតាមបណ្តាវត្តមួយចំនួន មានញាតិញោម បានយកចង្ហាន់ នំ ចំណី ទៅប្រគេនដល់ព្រះសង្ឃបានបរិបូរណ៍ គ្រប់១៥ថ្ងៃ មិនដាច់ហើយ ខណៈដែលមានវត្តនៅតាមតំបន់ដាច់ស្រយាលមួយចំនួន ក៏នៅមានភាពខ្វះខាត ដោយពេលមួយរដូវកាល កាន់បិណ្ឌ ភ្ជុំបិណ្ឌ មិនមានវេនគ្រប់គ្រាន់សម្រាប់ញាតិញោម យកចង្ហាន់ទៅប្រគេនឡើយ ។

ជាក់ស្តែងវត្តគិរីធម្មរាជ ស្ថិតនៅភូមិស្រាងខ្ពស់ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នឹងតាមការបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ខណៈពេលយកចង្ហាន់ ទេយ្យទានទៅវត្តមួយនេះ គណៈកម្មការអាចារ្យវត្ត បានបញ្ជាក់ថា វត្តនេះមិនមានវេនកាន់បិណ្ឌទេ សម្រាប់រដូវភ្ជុំបិណ្ឌនេះ ហើយក៏មិនមានញាតិញោម ពុទ្ធបរិស័ទទៅដល់វត្តនេះនោះឡើយ។ សូមញាតិញោមទៅឱ្យដល់វត្តមួយនេះផង។ ញាតិញោមមានសទ្ធាជ្រះថ្លាចង់ចូលរួមកាន់បិណ្ឌនៅវត្តគិរីធម្មរាជ លេខទូរសព្ទភិក្ខុ ឈុន លី ០៧០ ៧៦៦ ៥៧៤ ៕