(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយយករដ្ឋមន្រ្តីនៃកម្ពុជា បានចោទជាសំណួរថា តើចាំបាច់គ្រប់រឿងត្រូវឱ្យនាយករដ្ឋមន្ត្រីចេញមុខ ឆ្លើយតបគ្រប់រឿងលើបណ្តាញសង្គមឬ តើចង់ឱ្យនាយករដ្ឋមន្រ្តី ក្លាយទៅជាអ្នកនាំពាក្យឱ្យគ្រប់អង្គភាពស្ថាប័នទាំងអស់មែនទេ?។

ការចោទជាសំណួរបែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ២ម៉ឺននាក់ មកពីតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានពន្យល់ថា សម្ដេចមិនអាចចេញមកបកស្រាយគ្រប់បញ្ហាជំនួសមន្ត្រីជំនាញទាំងស្រុងនោះទេ។ កិច្ចការងារខ្លះ ត្រូវការមន្ត្រីជំនាញបកស្រាយ ទើបវាល្អជាងសម្ដេច បកស្រាយ។ ម្យ៉ាងទៀតសម្ដេចធិបតី ចង់ឱ្យមន្ត្រីទាំងនោះ ទទួលខុសត្រូវខ្ពស់លើភារកិច្ចរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាប្រឈមជាមួយប្រជាពលរដ្ឋ។

សម្តេចធិបតី ប្រមុខរដ្ឋាភិបាល ដែលទើបកាន់អំណាចបាន៤២ថ្ងៃ បានគូសបញ្ជាក់ថា៖ «មានអ្នកខ្លះថារដ្ឋាភិបាលអត់គិតសោះរឿងនេះ ខ្ញុំសុំញែកឱ្យដាច់ រឿងវាពីរ, រឿងទី១ គឺរឿងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងសេដ្ឋកិច្ច ពន្ធអាករនេះ នេះជារឿងមួយឱ្យដាច់, រឿងទី២៖ រឿងសម្តីរបស់ឯកឧត្តម គង់ វិបុល ដែលធ្វើឱ្យមានការជជែកគ្នាញែកឱ្យដាច់ […] តើខ្ញុំនាយករដ្ឋមន្ត្រី ត្រូវឆ្លើយតបរឿងនៅតាម Facebook គ្រប់ពេល ឬអត់»

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា ក្នុងនាមជានាយករដ្ឋមន្ត្រី គឺយកចិត្តទុកដាក់ទាំងអស់ចំពោះក្តីកង្វល់របស់ប្រជាពលរដ្ឋ ប៉ុន្តែ សម្រាប់វិធានការឆ្លើយតប គឺសម្តេចអនុវត្តខុសគ្នា។ សម្រាប់រឿងជជែកគ្នាលើបណ្តាញសង្គម ត្រូវបានប្រគល់ភារកិច្ចនេះឱ្យអ្នកពាក់ព័ន្ធពន្យល់ និងបញ្ជូនសារឱ្យប្រជាពលរដ្ឋបានយល់ច្បាស់។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា រយៈពេលជាង១ខែនេះ គឺមានរឿងច្រើន ដែលត្រូវចាត់វិធានការ ខណៈរឿងខ្លះសម្តេចបានធ្វើខ្លួនឯងផ្សព្វផ្សាយលើបណ្តាញសង្គមជូនមហាជនឱ្យដឹងច្បាស់ រឿងខ្លះសម្តេចទុកឱ្យអ្នកទទួលខុសត្រូវដើម្បីចេញបកស្រាយ និងចាត់វិធានការ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា ថ្មីៗនេះមានបញ្ហាដែលកើតឡើងជាច្រើនដូចជាការរិះគន់លើការប្រមូលពន្ធមូលធន នាឆ្នាំ២០២៤ និងការសាងសងប្រាសាទ ដែលយកលំនាំតាមប្រាសាទអង្គរវត្ត នៅក្នុងវត្តមួយក្នុងប្រទេសថៃ រឿងជនជាតិខ្មែរ ចាញ់បោកជនខិលខូចនាំទៅប្រទេសឡាវ បូករួមនឹងបញ្ហាមួយចំនួនទៀត ត្រូវបានសម្តេចណែនាំឱ្យជំនាញពាក់ព័ន្ធចេញបកស្រាយបញ្ហាទាំងនេះ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ច្បាស់ជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា៖ «រឿងទាំងអស់ជាកង្វល់របស់ខ្ញុំ តើខ្ញុំជានាយករដ្ឋមន្ត្រី ម្ង៉ៃៗអង្គុយចេញតែសារដែលមានការចាប់អារម្មណ៍ក្នុង Facebook ឬទេ? បើរឿងស្អីក៏នាយករដ្ឋមន្ត្រីធ្វើដែលតើស្ថាប័នផ្សេងទៀត មានការអីធ្វើ បើរឿងផ្ទុះលើបណ្តាញសង្គម Facebook គឺតម្រូវឱ្យនាយករដ្ឋមន្ត្រីឆ្លើយតប សួរថាតើស្ថាប័នផ្សេងៗចាំបាច់ទទួលខុសត្រូវធ្វើអី និយាយឱ្យច្បាស់?»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្រាប់រឿងធំនាយករដ្ឋមន្ត្រីត្រូវតែចេញមុនបកស្រាយចំពោះជាតិ តែរឿងណាដែលពាក់ព័ន្ធនឹងការងារជំនាញ គួរឱ្យអាជ្ញាធរជំនាញពាក់ព័ន្ធជាអ្នកទទួលខុសត្រូវដោះស្រាយពន្យល់ប្រជាពលរដ្ឋ។

បន្ថែមពីនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យមន្ត្រីជំនាញទាំងអស់ ត្រូវចេញបកស្រាយរាល់បញ្ហាទាំងឡាយដែលបានផ្ទុះឡើង ដោយមិនត្រូវរង់ចាំតែនាយករដ្ឋមន្រ្តី ចេញមកបកស្រាយ ឬចាត់វិធានការនោះឡើយ។

សម្ដេច ហ៊ុន ម៉ាណែត បានចោទជាសំណួរវិញថា «តើចង់ឱ្យនាយករដ្ឋមន្រ្តី ក្លាយទៅជាអ្នកនាំពាក្យឱ្យគ្រប់អង្គភាពស្ថាប័នទាំងអស់មែនទេ?»