(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសសាខា អមដំណើរដោយលោក ខូយ រីដា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិសាខា និងលោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិសាខា ព្រមទាំងអស់លោក លោកស្រី ជាសមាជិក សមាជិកាសាខា នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ បាននាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្ត យកទៅប្រគល់ជូនពលរដ្ឋចាស់ជរាគ្មានទីពឹង និងខ្វះខាតស្បៀង៤៧គ្រួសារ មកពី៩ភូមិ ក្នុងឃុំស្វាយដូនកែវ នៅបរិវេណមណ្ឌលសុខភាពស្វាយដូនកែវ ស្ថិតក្នុងភូមិស្វាយដូនកែវ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះដែរ លោក ម៉ៅ ធនិន បានលើកឡើងថា ក្រោយពីទទួលបានរបាយការណ៍ ពីអាជ្ញាធរឃុំ ស្រុក ថាមានប្រជាពលរដ្ឋជួបកង្វះខាតស្បៀង និងចាស់ជរាគ្មានទីពឹង មកពី ៩ភូមិ ក្នុងឃុំស្វាយដូនកែវ ៤៧គ្រួសារនោះរួចមក លោកបានចាត់ឲ្យក្រុមការងាររៀបចំយកអំណោយមនុស្សធម៌ មកចែកជូនដល់កន្លែងជាបន្ទាន់ ដើម្បីឲ្យស្របតាមអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចកិតិ្តព្រឹទ្ ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់ ចំពោះពលរដ្ឋរងគ្រោះគ្រប់ទីកន្លែងជាប់ជានិច្ច។
លោកបានថ្លែងថា ជាការពិតណាស់ថា អំណោយមនុស្សធម៌ គឺគ្រាន់តែដោះស្រាយបានមួយគ្រាប៉ុណ្ណោះ វាមិនអាចទទួលទានបានយូរនោះទេ កត្តាសំខាន់សូមឲ្យបងប្អូនប្រជាពលរដ្ឋ រួមចំណែកក្នុង ដាំដុះ និងបង្កើនមុខរបរបន្ថែម ទើបជីវភាពគាប់ប្រសើរ។ លោកបានបន្ថែមថា ជនចាស់ជរាគ្មានទីពឹងដែលជួបកង្វះខាតស្បៀង និងជនរងគ្រោះផ្សេងៗជាច្រើនទៀត មានស្ទើរគ្រប់ ទីកន្លែងទូទាំងខេត្ត ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា រួមជាមួយនឹងសាខា និងអនុសាខា តែងតែគិតគូរ និងធ្វើការដោះស្រាយជាបន្តបន្ទាប់ មិនទុកឲ្យបងប្អូនស្លាប់នោះ ឡើយ។ លោកក្នុងនាមប្រធានកិត្តិយសសាខា លោកបានផ្តាំផ្ញើដល់អាជ្ញាធរស្រុក ឃុំ ភូមិ ពិនិត្យឲ្យបានច្បាស់លាស់ ចំពោះប្រជាពលរដ្ឋដែលប្រឈមនឹងកង្វះខាត ដោយមិនប្រកាន់អំពីនិន្នាការ នយោបាយឡើយ ឲ្យតែខ្វះខាតពិតប្រាកដត្រូវតែជួយដោះស្រាយជានិច្ច។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋ និងចាស់ជរាទាំង៤៧គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ២0គីឡូក្រាម ទឹកត្រី៦ដប ទឹកស៊ីអ៊ីវ៦ដប សាប៊ូ១កញ្ចប់ និងថវិកា២ម៉ឺនរៀល។
ដោយឡែក មេភូមិទាំង៩ ក្នុងមួយភូមិទទួលបាន ថវិកា២ម៉ឺនរៀល លោកគ្រូអ្នកគ្រូពេទ្យ និងអ្នកបោសសំអាត៦នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា២ម៉ឺនរៀល និងស្ត្រីដែលទើបតែឆ្លងទន្លេក្នុងមណ្ឌលសុខភាព ទទួលបានថវិកា៣០ម៉ឺនរៀលផងដែរ៕