(ភ្នំពេញ)៖ នាយកដ្ឋានអប់រំ នៃអគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ បានរៀបចំផ្សព្វផ្សាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងតួនាទី ភារកិច្ចសំខាន់ៗមួយចំនួនរបស់កងយោធពលខេមរភូមិន្ទ។ ពិធីនេះធ្វើឡើងដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ, ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានយោធសេវា អង្គភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពជើងអាកាស កងរាជអាវុធលើផ្ទៃប្រទេស បញ្ជាការដ្ឋានអង្គរក្ស និងបណ្តាកងឯកភាពនានា។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ជៀង អំ បានថ្លែងបើក ការផ្សព្វផ្សាយកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដោយសង្ខេបនូវខ្លឹមសាររួមមាន៖ គោលដៅយុទ្ធសាស្ត្រ ដើម្បីថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមឱ្យបានល្អប្រសើរ, ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យមានភាពរីកចម្រើនលើគ្រប់វិស័យ, ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលសេដ្ឋកិច្ចមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលសេដ្ឋកិច្ចកម្រិតខ្ពស់។

ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងមាននិរន្តរភាព អភិវឌ្ឍវិស័យធនធានមនុស្ស វិស័យហេដ្ឋារចនា សម្ព័នផ្លូវ ស្ពាន វិស័យទឹក វិស័យភ្លើង និងវិស័យបច្ចេកវិទ្យាឌីជីថល។ ចំណុចសំខាន់ត្រូវអនុវត្តចំពោះមុខមាន៦ចំណុច ក្នុងនោះគឺអភិវឌ្ឍធនធានមនុស្សឱ្យមានចំណេះដឹង ចំណេះធ្វើដល់និសិត្សជាពិសេសកូនចៅអ្នកក្រីក្រ។ ជួយជំរុញការអភិវឌ្ឍវិស័យកសិកម្មចំពោះមុខ និងចាត់បញ្ជូនមន្ត្រីជំនាញកសិកម្ម ចុះទៅជួយគ្រប់ឃុំ-សង្កាត់ទូទាំងប្រទេស។

ចំពោះវិស័យការពារជាតិ ត្រូវពង្រឹងខឿនការពារជាតិរបស់ប្រជាជនទាំងមូលដើម្បីការពារឯករាជ្យការពារអធិបតេយ្យ ការពាបូរណភាពទឹកដី និងការពារសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ សង្គម និងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពឱ្យបានរឹងមាំ ត្រូវចាត់វិធានការបង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យមានប្រសិទ្ធភាពខ្ពស់។ ជំរុញការអនុវត្តគោលការកំណែទម្រង់កងយោធពលខេមរភូមិន្ទ យកចិត្តទុកដាក់ការងារហ្វឹកហ្វឺនការងារអប់រំចិត្តសាស្ត្រ ដើម្បីឱ្យកងទ័ពមានឆន្ទៈប្រយុទ្ធសម្រេចបានជោគជ័យគ្រប់ភារកិច្ច។

យកចិត្តទុកដាក់អនុវត្តគោលការនយោបាយចំពោះគ្រួសារពលី ជនពិការ និវត្តជន និងចំពោះអតីតយុទ្ធជន ត្រូវយកចិត្តទុកដាក់ដល់សុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនឱ្យរស់នៅមានជីវភាពសមរម្យ។

ឧត្តមសេនីយ៍ទោ ចាន់ សារឿន នាយក នាយកដ្ឋានអប់រំ នៃអគ្គនាយកដ្ឋានយោធសេវា បានថ្លែងថា ការរៀបចំផ្សព្វផ្សាយនេះធ្វើឡើងឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយផែនការណែនាំស្តីពី កម្មវិធីគោលនាយោបាយយុទ្ធសាស្ត្រ «បញ្ចកោណ-ដំណាក់កាលទី១» និងវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល នីតិការទី៧ នៃរដ្ឋសភា ដោយបាវចនាទាំង៥ រួមមានទី១៖ កំណើន, ទី២៖ ការងារ, ទី៣៖ សមធម៌, ទី៤៖ ប្រសិទ្ធភាព និងទី៥៖ ចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលជារបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច សម្រាប់ជំរុញអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីគោលនយោបាយរបស់ខ្លួន និងជាមគ្គុទេសក៍ សម្រាប់តម្រង់សកម្មភាព របស់គ្រប់តួអង្គទាំងអស់ក្នុងគោលដៅបន្តរក្សាការពារសុខសន្តិភាព និងជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ក្នុងរយៈពេលមធ្យម និងវែងទៅមុខតាមរយៈកំណែទម្រង់យ៉ាងមុតស្រួចលើគ្រប់វិស័យ។

ឧត្តមសេនីយ៍ទោ ចាន់ សារឿន បានបន្តថា អគ្គនាយកដ្ឋានយោធសេវា ក៏ដូចជាជំនាញ នាយកដ្ឋានអប់រំ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមផែនការណែនាំរបស់ក្រសួងការពារជាតិ បានចូលរួមប្រជុំជាប្រចាំជាមួយគណៈឃោសនាអប់រំប្រចាំខែ និងទទួលឯកសារជំនួយស្មារតីជូនថ្នាក់ដឹកនាំ និងបានសហការល្អជាមួយទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការក្នុងការផ្សព្វផ្សាយ និងប្រមូលទិន្នន័យ តាមដាន ត្រួតពិនិត្យ បូកសរុបលទ្ធផលការងារអប់រំរៀនសូត្រនយោបាយចិត្តសាស្ត្រ ព្រមទាំងបានរៀបចំ ចងក្រង ផលិតឯកសារជំនួយស្មារតីអប់រំចិត្តសាស្ត្រប្រចាំឆមាស និងប្រចាំឆ្នាំ ជាពិសេសនៅពេលដែលមានព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីចែករំលែក ផ្សព្វផ្សាយ រៀនសូត្រតាមបណ្តាស្ថាប័ន កងឯកភាព ទូទាំងកងយោធពលខេមរភូមិន្ទ។

ឧត្តមសេនីយ៍ទោ ចាន់ សារឿន បានបន្ថែមថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ការកសាងកងទ័ពអំពីទស្សនៈ សតិអារម្មណ៍នយោបាយចិត្តសាស្ត្រ ជាពិសេសអំពីគុណតម្លៃនៃសន្តិភាព គឺជាបញ្ហាគន្លឹះ ក្នុងការកសាង ពង្រឹងកម្លាំងប្រដាប់អាវុធឱ្យបានរឹងមាំ តាមរយៈការបណ្ដុះបណ្ដាល អប់រំរៀនសូត លើកកម្ពស់មនសិកាស្នហាជាតិ ស្មោះត្រង់ គោរពវិន័យ បទបញ្ជារបស់កងទ័ព អត្តចរិក សីលធម៌ ថ្លៃថ្នូរស្អាតស្អំ ប្រយុទ្ធប្តូរផ្តាច់ និងហ៊ានពលិកម្មដើម្បីបុព្វហេតុជាតិមាតុភូមិ៕