(ភ្នំពេញ)​៖ គិតពីខែវិច្ឆិកា ឆ្នាំ២០២២ មកដល់ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រកចំណូលបានប្រមាណ ៣២លានដុល្លារអាមេរិក ក្នុងនោះត្រឹមរយៈពេល៩ខែ ឆ្នាំ២០២៣នេះ ក្នុងនោះរាប់ចាប់ពីខែមករា ដល់ខែកញ្ញា រកចំណូលបានប្រមាណ ២៧លានដុល្លារអាមេរិក។​ នេះបើយោងតាមការបញ្ជាក់របស់លោក​ ហ៊ាង​ សុទ្ធាយុត្តិ​ អ្នកនាំពាក្យក្រសួងសាធារណការ​ និងដឹកជញ្ជូន​ ដែលបណ្តាញព័ត៌មាន​ Fresh News ទទួលបាននៅរសៀលថ្ងៃទី០៣​ ខែតុលា​ ឆ្នាំ២០២៣នេះ។

លោក​ ហ៊ាង​ សុទ្ធាយុត្តិ​ បានឱ្យដឹងទៀតថា​ ដោយឡែក គិតត្រឹមរយៈពេល៩ខែ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣ នេះ មានយានយន្តចំនួនប្រមាណ​ ៣លានគ្រឿង បានចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ។

រយៈពេល៩ខែចុងក្រោយនេះ មានការស្នើសុំ​ និងចុះសង្គ្រោះចំនួនប្រមាណ​ ៣០០០លើក។ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួនប្រមាណ​ ​២៥០ករណី (ភាគច្រើនករណី​ស្រាល)។ ក្នុងនោះ មានរបួស៣៣នាក់​ និងមានអ្នកស្លាប់​ ៤នាក់។

លោក​ ហ៊ាង​ សុទ្ធាយុត្តិ​ បានបន្ថែមថា​ តួលេខនេះបង្ហាញថា ជាមធ្យមគ្រោះថ្នាក់ កើតឡើងតិចជាងមួយដង ក្នុងមួយថ្ងៃ។ បើប្រៀបធៀបទៅនឹងផ្លូវផ្សេងៗដែលមានចរាចរណ៍មមាញឹកដូចគ្នា ឃើញថាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាផ្លូវដែលមានសុវត្ថិភាពខ្ពស់​ និងចំណេញពេលវេលា​​ធ្វើដំណើរ៕