(ភ្នំពេញ)៖ សហគ្រិនខ្មែរ និងក្រុមហ៊ុន 500 Global ដែលជាក្រុមហ៊ុនបណ្តាក់ទុន នៅក្នុងសហរដ្ឋអាមេរិក Silicon Valley នាពេលថ្មីៗនេះ បានសហការរៀបចំកម្មវិធី «អង្គរ៥០០ បទបង្ហាញជាសាធារណៈខ្នាតអន្តរជាតិ» ដំណើរការឆ្ពោះទៅរកការពង្រីកទីផ្សារនៅក្រៅប្រទេស ជាវេទិកាដ៏មានសក្តានុពលមួយ សម្រាប់បង្ហាញធុរកិច្ចថ្មី ដែលពោរពេញទៅដោយគំនិតច្នៃប្រឌិត និងមានផែនការពង្រីកទីផ្សារ ក្នុងតំបន់។

លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានថ្លែងថា ព្រឹត្តិការណ៍នេះ បានប្រមូលផ្តុំវិនិយោគិន (VC) និងអ្នកជំនាញនាំមុខលើផ្នែកសហគ្រិនភាព មកចែករំលែកចូលរួម ពិភាក្សាស៊ីជម្រៅ និងស្វែងរកដំណោះស្រាយ នៃការគិតឆ្ពោះទៅមុខ ដើម្បីជំរុញប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ដែលកំពុងលូតលាស់នៅកម្ពុជា ឆ្ពោះទៅរកទិសដៅសហគ្រិននៅពេលអនាគត ដែលធុរកិច្ចថ្មី អាចបោះជំហានពង្រីកទីផ្សារ នៅថ្នាក់តំបន់។

លោកថា ព្រឹត្តិការណ៍នេះ គឺជាពិព័ណ៍អន្តរជាតិលើកទី២ របស់កម្មវិធី អង្គរ៥០០ ដែលជាវេទិកាផ្តល់ជូនអ្នកជំនាញនាំមុខក្នុងស្រុក និងអន្តរជាតិនៅក្នុងវិស័យធុរកិច្ច អ្នកជំនាញផ្នែកវិនិយោគ (VC) និង ស្ថាបនិកដែលបានទទួលប្រាក់វិនិយោគរួចហើយ ដើម្បីចែករំលែកការយល់ដឹងអំពីទិដ្ឋភាពរួម នៃការវិនិយោគទៅលើធុរកិច្ចថ្មី ដែលការពិភាក្សានេះ ផ្តោតសំខាន់លើប្រធានបទដូចជា៖ និន្នាការវិនិយោគបច្ចុប្បន្ន គន្លឹះសម្រាប់ការវិនិយោគ អ្វីដែលអ្នកវិនិយោគស្វែងរកនៅក្នុងធុរកិច្ចថ្មី និងកំហុសទូទៅនៅពេលស្វែងរកទុនវិនិយោគ។

កម្មវិធីបន្ទាប់ គឺជាការធ្វើបទបង្ហាញជាសាធារណៈ (Pitching) ដោយស្ថាបនិកចំនួន១០រូប បានបង្កើតធុរកិច្ចថ្មី ដែលមានវឌ្ឍនភាព និងសន្ទុះនៃការលក់ល្អ នៅក្នុងប្រទេសកម្ពុជា។

កម្មវិធីបញ្ចប់នោះ គឺជាការភ្ជាប់ទំនាក់ទំនង (Networking) ដែលផ្តល់ឱកាសដ៏ល្អសម្រាប់ស្ថាបនិក ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មផ្សេងទៀត និងអ្នកវិនិយោគដើម្បីភ្ជាប់ទំនាក់ទំនងរវាងគ្នានិងគ្នា រួមទាំងអនុញ្ញាតឲ្យធុរកិច្ចថ្មីអាចផ្សព្វផ្សាយ និងបង្ហាញផលិតផល ឬសេវាកម្មរបស់ពួកគេ ទៅកាន់ដៃគូដោយផ្ទាល់។

សហគ្រិនខ្មែរ តាមរយៈគម្រោងអង្គរ៥០០ សម្រេចបាននូវគោលបំណងចំនួន៤ រួមមាន៖

(១)៖ បង្កើតធុរកិច្ចថ្មីដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ចាប់ពីដំណាក់កាលបង្គើតគំនិតរហូតទៅដំណាក់កាល ពង្រីកធុរកិច្ចថ្មី នៅក្នុងតំបន់ជ្រើសរើសសហគ្រិនវ័យក្មេង ដែលមានទេពកោសល្យ។
(២)៖ ពន្លឿនធុរកិច្ចថ្មីដែលមានសក្តានុពលទៅកាន់កម្រិតអន្តរជាតិដោយប្រើប្រាស់ជំនាញ ចំណេះដឹងរបស់ក្រុមហ៊ុន៥០០ Global បណ្តាញអ្នកវិនិយោគ និងអ្នកណែនាំ។
(៣)៖ បង្កើតឱកាសកាន់តែច្រើនសម្រាប់ធុរកិច្ចថ្មី ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយ VCs ក្នុងស្រុក និង អន្តរជាតិ ដើម្បីឈានទៅរកទុនវិនិយោគ។
(៤)៖ បង្កើតប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្តើមអាជីវកម្មដ៏រស់រវើក ដោយលើកកម្ពស់ការផ្ទេរចំណេះដឹង តាមរយៈការណែនាំ និងសកម្មភាពសហគមន៍ផ្សេងទៀត។

គួរជម្រាបថា អ្នកវិនិយោគក្នុងស្រុក និងមកពីបរទេសឥឡូវនេះ មានឱកាសបានឃើញធុរកិច្ចថ្មីផ្សេងៗគ្នា ដែលក្រុមហ៊ុនទាំងនោះ លេចឡើងនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ ធុរកិច្ចថ្មី អាចមានលទ្ធភាពទទួលបានមូលនិធិ និងជំនួយបច្ចេកទេសដែលពួកគេ ត្រូវការដោយចូលរួមនៅក្នុងកម្មវិធី «អង្គរ៥០០បទបង្ហាញជាសាធារណៈខ្នាតអន្តរជាតិ»។ ព្រឹត្តិការណ៍នេះ ដើរតួនាទីយ៉ាងសំខាន់ ដើម្បីបង្ហាញពីសក្តានុពលវិស័យធុរកិច្ចថ្មី នៅក្នុងប្រទេសកម្ពុជា៕