(កណ្ដាល)៖ លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល សហការជាមួយលោក ថោ ឡូ នាយអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ និងគណ:បញ្ជាការឯកភាពស្រុកពញាឮ ដឹកនាំដោយ លោក ថន សុវណ្ណា អភិបាលស្រុក នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ត្រង់ចំនុច ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។

ប្រតិបតហតិការនេះ កម្លាំងចំរុះបានរុះរើសារយកបទល្មើសនេសាទ១ករណីក្នុងនាះមាន លូស្បៃមុងចំនួន១៥០មាត់ របាំងស្បៃមុង១០១៦៨ម៉ែត្រ បង្គាល ចំនួ៧២០ដើម ដើម្បីដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ទាំងនេះ នៅនឹងកន្លែងកើតហេតុ និងលែងកូនត្រីចំនួន១៥០គីឡូក្រាមចូលក្នុងបឹងធម្មជាតិវិញ។

លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានឱ្យដឹងថា នេះគឺជាការចុះបង្ក្រាបលើកទី២ហើយ ដែលខណ្ឌរដ្ឋបាលជលផលកណ្ដាល សហការជាមួយអាជ្ញាធរស្រុកពញាឮ ដោយអនុវត្តតាមបទបញ្ជា យ៉ាងម៉ឺងម៉ាត់ របស់លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់ខណ្ឌរដ្ឋបាលជលផលកណ្តាល រួមសហការគ្នាជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធ្វើការបង្ក្រាបរាល់បទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលឱ្យមានប្រសិទ្ធភាពខ្ពស់ បើទោះជាបើកនូវដូវនេសាទក្ដី ក៏បងប្អូនប្រជាពលរដ្ឋមិនត្រូវប្រើប្រាស់ឧបករណ៍ហាមឃាត់នេសាទ ក្នុងភូមិសាស្ត្រខេត្តកណ្ដាលឡើយ។

លោកនាយខណ្ឌរដ្ឋបាលជលផលកណ្ដាល បានឱ្យដឹងទៀតផងដែរថា ក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ២០២៣នេះ ខណ្ឌរដ្ឋបាលជលផលកណ្ដាល បានធ្វើការសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល បានបង្ក្រាបបទល្មើសនេសាទខុសច្បាប់ចំនួន៩៩ករណីផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានក្រើនរំលឹកដល់អ្នកប្រព្រឹត្តបទល្មើសនេសាទទាំងអស់ សូមបញ្ឈប់រាល់សកម្មភាពនេសាទខុសច្បាប់ទាំងអស់ ដែលកើតមាននៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល នៅពេលមានការបង្ក្រាប បទល្មើសទាំងនោះ នឹងត្រូវអនុវត្តទៅតាមច្បាប់ដោយគ្មានការយោគយល់ឡើយ ទន្ទឹមនឹងនោះខណ្ឌរដ្ឋបាលជលផលកណ្ដាល និងចុះធ្វើការបង្ក្រាបដូចភ្លៀងរលឹម ធ្វើយ៉ាងណាដើម្បីឱ្យខេត្តកណ្ដាល គ្មានបទល្មើសនេសាទខុសច្បាប់ឡើយ។

លោកក៏បានស្នើដល់អាជ្ញាធរឃុំ ភូមិ ពិសេសបងប្អូនប្រជាពលរដ្ឋ សូមធ្វើការសហការជាមួយខណ្ឌរដ្ឋបាលជលផលកណ្ដាល ដោយរាយការណ៍នៅបទល្មើសនេសាទទាំងអស់ដែលកើតមានឡើងក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីឱ្យខណ្ឌរដ្ឋបាលជលផល ក៏ដូចជាអាជ្ញាធរស្រុក ធ្វើការចុះបង្ក្រាបឱ្យបានទាន់ពេលវេលា សំដៅធានានូវធនធានជលផលស្តុកក្នុង បឹងទន្លេធម្មជាតិឲ្យបានល្អ ដើម្បីជាផលប្រយោជន៍របស់បងប្អូននៅក្នុងមូលដ្ឋានរបស់ខ្លួន៕