(កំពត)៖ លោក ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អាជ្ញាធរ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធ ធ្វើពិធីរៀបចំគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវិរក្សត្រ ព្រះវររាជបិតាជាតិ គម្រប់ខួបទី១១ឆ្នាំ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីរំលឹក និងសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយចំពោះព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពល ដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។ ពិធីនេះ បានប្រព្រឹត្តធ្វើឡើងនៅសាលាខេត្តកំពត។

នៅក្នុងពិធីនោះ ក៏មានការនិមន្តព្រះសង្ឃសូត្រមន្ត និងចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសដល់វិញ្ញាក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវិរក្សត្រ និងមានកិច្ចប្រោសព្រំសូមសេចក្តីសុខ សេចក្តីចម្រើនជូនដល់ថ្នាកដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តផងដែរ។

តាមយុវសិស្សម្នាក់ តំណាងឲ្យសាលាវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន (កំពតក្រុង) បានលើកឡើងថា ពួកគេមានសេចក្តីសោមនស្សក្នុងចិត្តយ៉ាងខ្លាំង ដែលមានឱកាសបានមកចូលរួមគោរពវិញ្ញាណក្ខន្ធសម្តេចតា  ហើយថា ស្នាព្រះសហ្ថរបស់ព្រះអង្គ នៅតែដិតដាមជាប់ក្នុងដួងចិត្តរបស់ពួកគេ។ គំរូវីរភាពរបស់សម្តេចព្រះបិតាឯករាជជាតិខ្មែរ ធ្វើឲ្យពួកគេចង់ចាំ និងគោរពដឹងគុណគ្មានថ្ងៃបំភ្លេចបានឡើយ៕