កុំភ្លេចតាមដាន! កីឡាការិនីកម្ពុជា ហែម ថុនវិទិនី ប្រកួតហែលទឹក ម៉ោង ១១យប់នេះ នៅ Rio 2016
12-08-2016 11:54
(ក្រុងរីយ៉ូ)៖ ចូលរួមគាំទ្រទាំងអស់គ្នា អត្តពលិកកីឡាហែលទឹកកម្ពុជា ហែម ថុនវិទិនី ចាប់ផ្តើមប្រកួតហែលទឹកចម្ងាយ ៥០ម៉ែត្រសេរីនៅម៉ោង ១១រាត្រីនេះ (ម៉ោងនៅកម្ពុជា) ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីល។
នាយកបេសកកម្មលោក វ៉ាត់ ចំរើន បានថ្លែងប្រាប់សារព័ត៌មាន Fresh News តាំងពីប្រទេសប្រេស៊ីលមកថា ទៅតាមកាលបរិច្ឆេទ កីឡាការិនីកម្ពុជា ហែម ថុនវិទិនី នឹងចាប់ផ្តើមប្រកួតនាម៉ោង ១៖០០នាទីរសៀល នៅប្រេស៊ីល ស្មើនឹងម៉ោង ១១យប់នៅកម្ពុជា ដែលជាអត្តពលិកទី២ របស់កម្ពុជា ដែលបានធ្វើការនៅ Rio 2016 លើកទី៣១នេះ ក្នុងចំណោម ៤ប្រភេទកីឡាដែលបានបញ្ជូនទៅ ចូលរួមប្រកួតប្រជែងដណ្តើមមេដាយលើកនេះ។
សម្រាប់កីឡាករ ពូ សុវិជ្ជា (Pou Sovijja) ដែលបានប្រកួតមុនគេ ក្នុងចំណោមអត្តពលិកទាំង ៦រូបរបស់កម្ពុជានោះ គឺធ្វើមិនបានល្អឡើយ ដោយបានជ្រុះក្នុងជុំទី១ នៃវិញ្ញាសាហែលចម្ងាយ ១០០ម៉ែត្រសេរី តាំងពីរាត្រីថ្ងៃទី០៩ សីហា គ្រាដែលកីឡាបោកចំបាប់ កីឡាអត្តពលកម្ម និងកីឡាតេក្វាន់ដូ នឹងធ្វើការប្រកួតជាបន្តបន្ទាប់ទៀត។
គិតត្រឹមថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០១៦ នេះ ព្រឹត្តិការណ៍កីឡាអូឡាំពិក Rio 2016 បានដំណើរការប្រកួតអស់ រយៈពេល ១សប្តាហ៍ហើយ ក្នុងនោះដែរអាមេរិក បានកំពុងតែនាំមុខគេបណ្តោះអាសន្ន ពីការឈ្នះមេដាយបាន ៣៨គ្រឿង ច្រើនជាងគេ ចិន ឈរនៅលេខ២ ឈ្នះមេដាយបាន ៣០គ្រឿង និងជប៉ុន លេខ៣ ឈ្នះបាន២២មេដាយ៕