(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ បានអនុញ្ញាតលោកវរសេនីយ៍ កនវ៉ារ៉ាណុន ឃ្លុនព្រុំស៊ូវណ្ណ (Kornwaranon Glunpromsuwan) ប្រធានការិយាល័យសេនានុព័ន្ធយោធា អមស្ថានទូត នៃព្រះរាជាណាចក្រថៃ ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា និងបង្ហាញមុខ។

នាឱកាសនោះ លោកវរសេនីយ៍ កនវ៉ារ៉ាណុន ឃ្លុនព្រុំស៊ូវណ្ណ បានលើកឡើងថា ក្នុងរយៈពេល ៣ឆ្នាំ ដែលលោកតំណាងកងទ័ពជើងអាកាស, កងទ័ពជើងទឹក, ពិសេសកងទ័ពជើងអាកាស និងស្ថាប័នប៉ូលីស នៃកងទ័ពភូមិន្ទថៃ លោកបានមើលឃើញពីទំនាក់ទំនង រវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ថៃ មានការរីកចម្រើនខ្លាំង ជាពិសេសកងទ័ពជើងគោក,ជើងទឹក និងកងទ័ពជើងអាកាសនេះតែម្ដង។

លោក កនវ៉ារ៉ាណុន ឃ្លុនព្រុំស៊ូវណ្ណ បានបន្ថែមថា រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កងយោធពលខេមរភូមិន្ទ ពិសេសកងទ័ពជើងអាកាស, កងអង្គរក្ស និងស្ថាប័នប៉ូលីស របស់កម្ពុជា បានទៅបំពេញកម្មសិក្សានៅប្រទេសថៃ ជាច្រើន ដែលតាមរយៈនៃវគ្គបណ្ដុះបណ្ដាលទាំងនោះ បានសបញ្ជាក់ឱ្យឃើញ ពីទំនាក់ទំនងរវាងកងទ័ព និងស្ថាប័នពាក់ព័ន្ធ ប្រទេសទាំងពីរ កាន់តែមានភាពល្អប្រសើរ។ ជាមួយគ្នានោះដែរកងទ័ពជើងគោក, ជើងទឹក ពិសេសកងទ័ពជើងអាកាសនៃកងទ័ពភូមិន្ទថៃ ដែលមានលោកវរសេនីយ៍ឯក អានីរោធ រតនាផន (ANIRUT RATTAPORN) តំណាងឱ្យកងទ័ពជើងអាកាសនៅទីនេះ កងទ័ពជើងអាកាសភូមិន្ទថៃ ក៏បានមកបំពេញកម្មសិក្សាស្រាវជ្រាវជាភាសាខ្មែរ នៅក្នុងអង្គភាពកងទ័ពជើងអាកាស របស់កងយោធពលខេមរភូមិន្ទ របស់កម្ពុជាផងដែរ។

លោកវរសេនីយ៍ឯក កនវ៉ារ៉ាណុន ឃ្លុនព្រុំស៊ូវណ្ណ បានអះអាងថា បើទោះបី រូបលោកវរសេនីយ៍ឯក អានីរោធ រតនាផន បានបញ្ចប់បេសកកម្មអាណត្តិការទូតយោធាតំណាងឱ្យកងទ័ពជើងអាកាស ភូមិន្ទថៃ នៅកម្ពុជាក៏ដោយ ក៏លោក នៅតែជំរុញដោយធ្វើយ៉ាងណាឱ្យថ្នាក់ដឹកនាំនៃកងទ័ពទាំងបីប្រភេទរបស់កងទ័ពភូមិន្ទថៃ និងស្ថាប័នប៉ូលីសថៃ បន្តជួយដល់កងយោធពលខេមរភូមិន្ទដដែល។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុងនាមថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក៏បានលើកឡើងដែរថា ទំនាក់ទំនងរវាងកម្ពុជា-ថៃ ពិសេសរវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពភូមិន្ទថៃ និងស្ថាប័នប៉ូលីសថៃ នារយៈពេលចុងក្រោយនេះ គឺមានភាពរីកចម្រើនលើគ្រប់វិស័យ មិនថាឡើយតែផ្នែកយោធា ប៉ូលីស និងការទូតនោះទេ។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានរំលឹកផងដែរថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ដ៏ល្អនៃប្រទេសដែលជាភូមិផង របងតែមួយនឹងមិនមានបញ្ហាអ្វីកើតឡើងនោះទ្បើយ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តទៀតថាទំនាក់ទំនង នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ថៃ គឺមានភាពស្និទ្ធស្នាលគ្នាខ្លាំងណាស់ ពិសេសកងទ័ព និងស្ថាប័នប៉ូលីសដែលឈរជើងនៅតាមបណ្ដោយព្រំដែន ដោយភាគីទាំងពីរតែងតែធ្វើការទំនាក់ទំនងគ្នាជាប្រចាំ ដែលកត្តានេះសបញ្ជាក់ថាភាគីកងទ័ពប្រទេសទាំងពីរ ចង់ឃើញខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ ជាខ្សែបន្ទាត់ព្រំដែនមានសន្តិភាព និងមានការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន ហើយក៏ចង់ឃើញប្រជាជននៃប្រទេសទាំងពីរនៅតាមបណ្ដោយព្រំដែន មានជីវភាពរស់នៅក្នុងភាពល្អប្រសើរជាងនេះបន្ថែមទៀត។

នៅក្នុងជំនួបនេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំកងទ័ពភូមិន្ទថៃ ដែលជានិច្ចជាកាលតែងតែបានជួយបណ្ដុះបណ្ដាលធនធានមនុស្ស លើគ្រប់ជំនាញកងទ័ពជើងគោក, ជើងទឹក ពិសេសកងទ័ពជើងអាកាសដល់កងយោធពលខេមរភូមិន្ទ នាពេលកន្លងមក ក៏ដូចជាពេលអនាគតផងដែរ។

តាមរយៈនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានជូនពរដល់ប្រធានការិយាល័យសេនានុព័ន្ធយោធា តំណាងឱ្យកងទ័ពជើងអាកាសនៃកងទ័ពភូមិន្ទថៃ ដែលត្រូវបញ្ចប់អាណត្តិការទូតយោធានៅកម្ពុជា វិលទៅមាតុប្រទេសខ្លួនវិញ សូមបន្តបំពេញការងារសម្រាប់ប្រទេសជាតិ និងមាតុភូមិរបស់ខ្លួនប្រកបដោយភាពជោគជ័យ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ សង្ឃឹមថា សេនានុព័ន្ធយោធាតំណាងឱ្យកងទ័ពជើងអាកាសថៃថ្មី វរសេនីយ៍ឯក ផាត្តកាន ថាប់ធីម (PATH KANTABTIM) នឹងបន្តពង្រឹងពង្រីកទំនាក់ទំនងនៃការរឹតចំណងសាមគ្គីភាព មិត្តភាព ជាបងប្អូនជាមួយនឹងកងយោធពលខេមរភូមិន្ទ ឱ្យកាន់តែល្អប្រសើរ និងរីកចម្រើន។

សូមបញ្ជាក់ថា វរសេនីយ៍ឯក អានីរោធ រតនាផន បន្ទាប់ពីបានបំពេញបេសកកម្មការទូតយោធាតំណាងឱ្យកងទ័ពជើងអាកាស នៃកងទ័ពភូមិន្ទថៃ នៅកម្ពុជាអស់រយៈពេល ៣ឆ្នាំ លោកក៏ត្រូវបញ្ចប់អាណត្តិ បេសកកម្មការទូតរបស់ខ្លួននៅកម្ពុជា ហើយត្រូវបានអគ្គមេបញ្ជាការកងទ័ពជើងអាកាសភូមិន្ទថៃ ចាត់តាំងលោកវរសេនីយ៍ឯក ផាត្តកាន ថាប់ធីម ជាសេនានុព័ន្ធយោធា តំណាងឲ្យកងទ័ពជើងអាកាសភូមិន្ទថៃថ្មី ប្រចាំនៅកម្ពុជា ដើម្បីបន្តពង្រឹងពង្រីកចំណងទំនាក់ទំនងនៃការរឹតចំណងសាមគ្គីភាព មិត្តភាពជាមួយបញ្ជាការដ្ឋានកងទ័ពជើងអាកាសនៃកងយោធពលខេមរភូមិន្ទឱ្យកាន់តែប្រសើរឡើង៕