(ភ្នំពេញ)៖ ពីលើវេទិកាក្នុងជំនួបជាមួយកម្មករ កម្មការិនីជាង២ម៉ឺននាក់ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ នៅរាជធានីភ្នំពេញ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា ប្រាក់ឈ្នូលសម្រាប់កម្មករ កម្មការិនី នៅក្នុងប្រទេសកម្ពុជា មានអត្រាខ្ពស់ជាងបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់ ដែលតួលេខនេះប្រៀបធៀបនៅឆ្នាំ២០២៣។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា តួលេខដែលប្រៀបធៀបនេះ គឺគ្រាន់តែធៀបនៅឆ្នាំ២០២៣តែប៉ុណ្ណោះ ជាតួលេខដែលកំពុងអនុវត្តស្រាប់ ហើយប្រសិនបើធៀបនឹងតួលេខដំឡើងនៅឆ្នាំ២០២៤ (២០៤ដុល្លារ) កាន់តែខ្ពស់ជាងបណ្ដាប្រទេសប្រកួតប្រជែងក្នុងការនាំចេញជាមួយកម្ពុជាថែមទៀត ខណៈប្រទេសមួយចំនួននោះ មិនដំឡើងប្រាក់ឈ្នូលជូនកម្មករនោះទេ នៅឆ្នាំ២០២៤។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងនិយាយអំពីបៀរវត្សមូលដ្ឋាន ឆ្នាំ២០២៣ យើងមិនទាន់ដំឡើង២០០ដុល្លារ ខ្ពស់ជាងប្រទេសភាគច្រើនទាំងអស់នេះ ឡាវ ៩០ដុល្លារ (ឆ្នាំក្រោយអត់ដំឡើង), វៀតណាម ១៥៤ដុល្លារ ទៅ១៩៨ដុល្លារ (មិនទាន់ចរចារដំឡើង), ឥណ្ឌូនេស៉ី ១៣០ដុល្លារ ទៅ៣០០ដុល្លារ (ឆ្នាំនេះអត់ចរចារដំឡើង), បង់ក្លាដេស ៧៤ដុល្លារ, ភូមា ៦៩ដុល្លារ, ឥណ្ឌា ១៣៤ដុល្លារ ទៅ១៩៥ដុល្លារ, ស្រីលង្កា ៤០ដុល្លារ»

បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ខ្ជាប់នូវជំហរក្នុងការដំឡើងប្រាក់ឈ្នូលជូនកម្មរ កម្មការិនី រៀងរាល់ឆ្នាំទោះតិចក្ដីច្រើនក្ដី ក៏ត្រូវតែអនុវត្ត។ ជាក់ស្ដែង ក្នុងដំណាក់កាលកម្ពុជា កំពុងជួបប្រទះជាមួយជំងឺកូវីដ១៩ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែចរចារដើម្បីដំឡើងប្រាក់ឈ្នួលជូនកម្មករនិយោជិតផងដែរ។

សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា តួលេខដំឡើង៤ដុល្លារបន្ថែម នៅឆ្នាំ២០២៤លើចំនួនដែលកំពុងអនុវត្តនេះសម្រាប់កម្មករ កម្មការិនី អាចមើលទៅតិច ប៉ុន្ដែសម្រាប់និយោជកអាចមានចំនួនច្រើន។ គ្រាដែលប្រទេសមួយចំនួន ដែលកំពុងប្រកួតប្រជែងជាមួយកម្ពុជា ក្នុងការនាំចេញទំនិញទៅក្រៅប្រទេសនោះ មិនបានដំឡើងជូនកម្មករ កម្មការិនីនោះទេ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មើលឃើញថា កម្មករ កម្មការិនីរបស់កម្ពុជា ពិតជាមានសំណាងណាស់ដែលមានប្រាក់ឈ្នួលខ្ពស់ជាងបណ្ដាប្រទេសមួយចំនួនក្នុងតំបន់ ហើយឆ្នាំ២០២៤ ត្រូវបានដំឡើង៤ដុល្លារបន្ថែមទៀត ដែលនេះជារឿងដែលត្រូវអបអរសាទរ។ សម្ដេចចាត់ទុកថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ ឈរលើនយោបាយ «ចែកគ្នារស់ ជួយគ្នារស់» ហើយការជួយគ្នារស់ក្នុងដំណាក់កាលដែលលំបាកនេះ ជាស្មារតីជួយគ្នា ថែរក្សាឆ្នាំងបាយ ថែរក្សាអង្ករ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ បានសម្រេចដំឡើងឈ្នួលអប្បបរមាជូនកម្មករនិយោជិតក្នុងវិស័យរោងចក្រ និងវាយនភណ្ឌ ដល់ចំនួន២០៤ ដុល្លារ នៅឆ្នាំ២០២៤ខាងមុខនេះ ដែលប្រាក់ឈ្នួលនេះ បានកើនឡើង៤ដុល្លារបើធៀបនឹងឆ្នាំ២០២៣។ កម្មករនិយោជិតជាច្រើន បានសម្តែងនូវការសប្បាយរីករាយការដំឡើងប្រាក់ឈ្នួលនេះ និងបានថ្លែងអំណរគុណរាជរដ្ឋាភិបាល បានខិតខំសម្របសម្រួលរហូតមានការដំឡើង ក្នុងខណៈដែលសេដ្ឋកិច្ចពិភពលោក ជួបការលំបាកផងដែរ។

ព្រមពេលជាមួយនឹងការដំឡើងប្រាក់ឈ្នួលនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅតែបន្ដអំពាវនាវម្ចាស់ផ្ទះ ម្ចាស់បន្ទប់កុំដំឡើងថ្លៃឈ្នួលផ្ទះ ឈ្នួលបន្ទប់នៅឆ្នាំ២០២៤ ហើយសម្ដេចបានណែនាំដល់រដ្ឋាករទឹក និងអគ្គិសនីកម្ពុជាត្រូវបញ្ចុះថ្លៃទឹក និងថ្លៃភ្លើងដល់កម្មករនិយោជិត ដែលកំពុងស្នាក់នៅតាមផ្ទះជួល និងដើម្បីជាការគិតគូរដល់ម្ចាស់ផ្ទះជួលផងដែរ ខណៈរាជរដ្ឋាភិបាលសុខចិត្តចេញខាតថ្លៃអគ្គិសនីរាប់លានដុល្លារក្នុងមួយខែ ដើម្បីសម្រាលបន្ទុកចំណាយរបស់កម្មករ និយោជិត៕