(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ ឈរលើនយោបាយ «ចែកគ្នារស់ ជួយគ្នារស់» ហើយការជួយគ្នារស់ក្នុងដំណាក់កាលដែលលំបាកនេះ ជាស្មារតីជួយគ្នា ថែរក្សាឆ្នាំងបាយ ថែរក្សាអង្ករ។

ការថ្លែងបែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានបន្តចុះជួបកម្មករជិត ២ម៉ឺននាក់ទៀត នៅក្នុងទឹកដី ភូមិសាស្ត្រខណ្ឌដង្កោ និងមានជ័យ រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលដែលនាំដោយគណបក្សប្រជាជនកម្ពុជា គឺតែងតែផ្តល់អត្ថប្រយោជន៍ជាជំហាន ហើយគិតគូគ្រប់ជ្រុងជ្រោយទាំងអស់ សម្រាប់គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺមិនថយក្រោយបោះបង់នូវអ្វីដែលខិតខំធ្វើជូនប្រជាពលរដ្ឋ កម្មករ កម្មការិនីនោះឡើយ។ បន្ថែមពីនេះ គឺមានតែបន្តខិតខំបង្កើនបន្ថែមទៀតសម្រាប់ប្រយោជន៍របស់ពួកគាត់ ដែលនេះជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសសើរក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលដឹកនាំលោករដ្ឋមន្ត្រី ហេង សួរ ដែលបានខិតខំប្រឹងប្រែងចរចារហូតសម្រេចបានការដំឡើងប្រាក់បៀវត្សជូនកម្មករ កម្មការិនី រហូតដល់ ២០៤ដុល្លារ ក្នុង១ខែ ឱ្យបានមុនឱកាសពិធីបុណ្យកាន់បបិណ្ឌ និងភ្ជុំបិណ្ឌ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា៖ «ប៉ុន្មានថ្ងៃនេះឃើញតែគេចេញមកវ៉ៃប្រហាររហូត ពាក់ព័ន្ធនឹងការដំឡើងប្រាក់ខែ (កម្មករ កម្មការិនី) បងប្អូនគិតថា ៤ដុល្លារ ក្នុង១ខែ គុណនឹង៧០ ឬ៨០ម៉ឺននាក់ ក៏មិនតិចដែរ ប៉ុន្តែ អ្វីដែលយើងត្រូវយល់ថាកាលៈទេសៈនេះ គឺកាលៈទេសៈដែលយើងលំបាកទាំងអស់គ្នា ហើយការដោះស្រាយនេះ គឺចេញរូបមន្ត «ចែកគ្នារស់ ជួយគ្នារស់ ដើម្បីយើងខ្លាំងទាំងអស់ គ្នា» នេះ ជារូបមន្តដែលយើងបាន ២០៤ដុល្លារនេះ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រូបមន្ត ចែកគ្នារស់ ជួយគ្នារស់ ពេលដែលចាប់ផ្តើមដំបូងភាគីខាងនយោជក សុំមិនដំឡើងប្រាក់បៀវត្ស ដោយសារតែប្រាក់បៀវត្សកម្មករ កម្មការិនី មានចំនួនខ្ពស់ ដូច្នេះសុំរក្សាប្រាក់ខែដដែល។ ប៉ុន្តែ ភាគីកម្មករ បានសុំតម្លើងប្រាក់បៀវត្សបន្ថែម ដូច្នេះ សម្រាប់ការសុំមិនដំឡើងប្រាក់បៀវត្ស និងការសុំដំណើងប្រាក់បៀវត្ស គឺមានហេតុផលទាំងសង្ខាង។

ជាមួយគ្នានឹងការស្នើសុំដំឡើងប្រាក់បៀវត្សជូនកម្មករ កម្មការិនី, សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល គឺបានយល់យ៉ាងច្បាស់ពីទុក្ខលំបាកទាំងសង្ខាង បាតដៃក៏សាច់ ខ្នងដៃក៏សាច់ ទាំងពីរភាគីនយោជក និងកម្មករ កម្មការិនី ប្រៀបបាននឹងអង្ករក្នុងឆ្នាំង ដូច្នេះ វានឹងធ្វើឱ្យប្រទេសជាតិមានភាពសម្បូរសប្បាយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ប្រាក់ឈ្នួលរបស់កម្មករ និយោជិតមិនគ្រប់គ្រាន់ទេ តែរាជរដ្ឋាភិបាលប្តេជ្ញាចិត្តដំឡើងជូនកម្មករ និយោជិតរាល់ឆ្នាំ។ ហើយប្រាក់ឈ្នួលនៅកម្ពុជាខ្ពស់ជាងបណ្តាប្រទេសមួយចំនួនក្នុងតំបន់ ហើយឆ្នាំ២០២៤ អត់មានដំឡើងប្រាក់ឈ្នួលនោះទេ។

បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ជារឿងមួយដ៏ល្អសម្រាប់កម្មករ កម្មការិនីនៅកម្ពុជា ដែលទទួលបានប្រាក់បៀវត្សខ្ពស់ជាងប្រទេសមួយចំនួនហើយ ទទួលបានការដំឡើងនៅឆ្នាំ២០២៤ថែមទៀត។

«យើងទម្រាំបានចរចាឯកភាពគ្នាចុងក្រោយ ដោយភាគីទាំងអស់បានបោះឆ្នោតគាំទ្រតួលេខ ២០២ដុល្លារ ដោយយល់ថានេះជាតួលេខមួយដែលយើងអាចទទួលយកបានរស់ទាំងអស់គ្នា ចែកគ្នារស់ ហើយជួយគ្នារស់ក្នុងដំណាក់កាលដែលយើងលំបាកនេះ ដែលនេះជាស្មារតីជួយគ្នា ថែរក្សាឆ្នាំងបាយ ថែរក្សាអង្ករ ហើយបង្កើនបន្តិចក្តីតែឱ្យវាកើនក្នុងឆ្នាំង»។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា តម្លៃពលកម្មខ្ពស់ អាចជារនាំងទាក់ទាញអ្នកវិនិយោគថ្មីមកកម្ពុជា។ ប៉ុន្តែ ទោះជាយ៉ាងណាសម្តេចក៏បានថ្លែងអំណរគុណកម្មករ និយោជិត ដែលបានគាំទ្រការដំឡើងប្រាក់ឈ្នួលឆ្នាំ២០២៤។

សូមបញ្ជាក់ថា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ទើបនឹងសម្រេចដំឡើងប្រាក់ ឈ្នួល អប្បបរមាជូនកម្មករ និយោជិតក្នុងវិស័យកាត់ដេរ៤ដុល្លារថែមទៀត ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមា របស់កម្មករ និយោជិតនៅឆ្នាំ២០២៤ឡើងដល់ ២០៤ដុល្លារ។ ៤ដុល្លារដែលដំឡើងនេះ ២ដុល្លារ ជាការព្រមព្រៀង រវាងភាគីថៅ និងកម្មករ និយោជិត ហើយ ២ដុល្លារទៀត ជាការបន្ថែមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

បច្ចុប្បន្ននេះ កម្ពុជា មានរោងចក្រ សហគ្រាសក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបមានចំនួន១,៣៣២ និងមានកម្មករ និយោជិតប្រមាណ ៨៤ម៉ឺននាក់ ផ្តល់ចំណូលប្រចាំឆ្នាំជិត ៣ពាន់លានដុល្លារ។

ក្រៅពីប្រាក់ឈ្នួលគោលសុទ្ធចំនួន២០៤ដុល្លារហើយនោះ កម្មករជាទូទៅ នៅទទួលបានប្រាក់អត្ថប្រយោជន៍បន្ថែមផ្សេងទៀតរួមមាន ប្រាក់ធ្វើការទៀងទាត់ ប្រាក់ធ្វើដំណើរនិងស្នាក់នៅ និងប្រាក់រង្វាន់អតីតភាពការងារដែលជាមធ្យមកម្មករម្នាក់នឹងទទួលបានចន្លោះ២២១ដុល្លារដល់២៣២ដុល្លារ៕