(ភ្នំពេញ)៖ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបសំណេះសំណាលផ្តាំផ្ញើជាមួយកម្លាំងវរអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន៣នាក់ ដែលត្រៀមចេញទៅហ្វឹកហាត់បាញ់កាំភ្លើង នៅប្រទេសវៀតណាម និងបន្តប្រឡងប្រជែង ដើម្បីជាប់ឈ្មោះជាបេក្ខភាពឆ្ពោះទៅប្រកួតក្នុងព្រឹត្តិការណ៍បាញ់កាំភ្លើងអាស៊ាន នៅប្រទេសថៃ នាពេលខាងមុខ។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សៀ ទីន ក៏បាននាំយកនូវថវិកាឧបត្ថម្ភរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូនដល់ក្រុមបាញ់កាំភ្លើងទាំង០៣នាក់ ជាចំណងដៃមុនចេញដំណើរ និងបានជូនពរសូមឱ្យក្រុមបាញ់កាំភ្លើងទាំង ០៣នាក់ ចេញទៅហ្វឹកហាត់ប្រកបដោយសុវត្ថិភាព និងទទួលបានជោគជ័យក្នុងការប្រឡងផងដែរ៕