(កណ្ដាល)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធិពលខេមរភូមិន្ទ និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ បានចូលរួមក្នុងពិធីផ្ដល់ឈាម និងសួរសុខទុក្ខនាយ នាយរង អាវុធសរុប១៣៦នាក់ និងយុវជន១៨០នាក់ នៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកណ្ដាល។
ពិធីនេះត្រូវបានធ្វើឡើងដោយមានការសហគ្នារវាង អាវុធខេត្តសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីអបអរសាទរខួប លើកទី១៧ ទិវាយុវជនអន្តរជាតិ១២ សីហា។
ក្នុងនោះដែរក៏មានការចូលរួមពី លោក គីម រិទ្ធី អភិបាលរងខេត្តកណ្តាល និងជាប្រធានសហភាពសហពន្ធ័យុវជនខេត្ត លោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការអាវុធហត្ថខេត្ត លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុមន្ទីរមេបញ្ជាការ មេបញ្ជាការរង ក្រុង ស្រុក លោក លោកស្រី អភិបាល អភិបាលរង ទាំង១១ស្រុក។ ឆ្លៀតក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ គន់ គីម បានផ្ដាំផ្ញើ និងផ្តល់កម្លាំងចិត្តដល់បងប្អូន ដែលបានចូលរួមដោយផ្ទាល់ ក្នុងការផ្តល់ឈាម សម្រាប់បំរើឲ្យជនរួមជាតិ ដែលមានតម្រូវការសង្គ្រោះជីវិត នាពេលបច្ចុប្បន្ន និងអនាគត៕