(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះបានប្រកាសជាថ្មីថា រាជរដ្ឋាភិបាលសម្រេចមិនដំឡើងថ្លៃអគ្គិសនីនោះទេ បើទោះបីរដ្ឋត្រូវចេញខាតក្នុង១ខែៗរាប់លានដុល្លារក្តី ដើម្បីសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋទូទាំងប្រទេស រួមទាំងកម្មករនិយោជិតផងដែរ។

ការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសបន្តចុះជួបកម្មករជិត ២ម៉ឺននាក់ទៀត ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «រឿងភ្លើងនេះ ប៉ុន្មានឆ្នាំមកនេះ គ្រប់ប្រទេសទាំងអស់ដំឡើងថ្លៃ វៀតណាមក៏ឡើង ថៃក៏ឡើង សិង្ហបុរីប៉ុន្មានថ្ងៃមុនក៏ប្រកាសថានឹងឡើងថ្លៃភ្លើង ប៉ុន្តែកម្ពុជាយើង ថ្លៃភ្លើងយើងអត់ដំឡើងទេ សូម្បីតែអគ្គិសនីកម្ពុជាខាតលុយមួយខែៗ រាប់លានដុល្លារ សុខចិត្តរដ្ឋខាត ដើម្បីថែរក្សាជីវភាពប្រជាពលដ្ឋ»

បន្ថែមពីលើការមិនដំឡើងថ្លៃអគ្គិសនីហើយនោះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ចុះតម្លៃអគ្គិសនីដល់វិស័យឧស្សាហកម្ម និងកសិកម្មផងដែរ ដែលសហគ្រាសប្រមាណ ២ម៉ឺនសហគ្រាស ទទួលបានផលពីការបញ្ចុះតម្លៃនេះ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានជំរុញឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងអគ្គិសនីកម្ពុជា បន្តការងារចុះភ្ជាប់បណ្តាញទឹក និងអគ្គិសនីដល់បងប្អូនកម្មករ កម្មការិនី ដើម្បីឱ្យពួកគាត់ទទួលបានការប្រើប្រាស់ទឹក ភ្លើង ស្របតាមកម្មវិធីដែលរាជរដ្ឋាភិបាលបានដាក់ចេញ ធ្វើយ៉ាងណាកាត់បន្ថយការចំណាយរបស់ពួកគាត់ ស្របពេលដែលប្រាក់ខែត្រូវបានដំឡើង។

សូមជម្រាបថា ដោយសារបញ្ហារាតត្បាតជំងឺកូវីដ១៩ និងបញ្ហាសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន បានធ្វើឱ្យវត្ថុធាតុដើម ដើម្បីផលិតថាមពលអគ្គិសនី និងការនាំចូលអគ្គិសនីពីប្រទេសជិតខាង មានការកើនឡើងជាបន្តបន្ទាប់។ សម្រាប់ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានចេញថ្លៃខាតលើអគ្គិសនីជិត ២០០លានដុល្លារអាមេរិក។

បច្ចុប្បន្ននេះ កម្ពុជាមានលទ្ធភាពផលិតថាមពល នៅក្នុងស្រុកបាន ៣៤៦៤ មេហ្កាវ៉ាត់ ដែលផលិតចេញពីថាមពលពន្លឺព្រះអាទិត្យ វារីអគ្គិសនី ជីវម៉ាស ធ្យូងថ្ម និងប្រេង ហើយតម្រូវការប្រើប្រាស់អគ្គិសនីខ្ពស់បំផុតបច្ចុប្បន្ននេះ ត្រឹមតែប្រមាណ ២៤០០មេហ្កាវ៉ាត់ប៉ុណ្ណោះ។ មានន័យថា កម្ពុជាមានសមត្ថភាពផលិតថាមពលបានច្រើនលើសពីតម្រូវការប្រើប្រាស់ ដូច្នេះយើងពុំមានបញ្ហាខ្វះអគ្គិសនីនោះទេ។

គិតត្រឹមចុងឆ្នាំ២០២២ មានភូមិចំនួន ១៣,៩២៣ ស្មើនឹង៩៨.២៧ភាគរយ បានតខ្សែបណ្តាញអគ្គិសនីពីបណ្តាញជាតិ សម្រាប់ប្រើប្រាស់រួចហើយ ខណៈនៅសល់ភូមិតែ ២៤៥ប៉ុណ្ណោះ ស្មើនឹង ១.៧៣ភាគ មិនទាន់តខ្សែបណ្តាញអគ្គិសនីពីបណ្តាញជាតិ ដោយសារតែភូមិទាំងនោះ នៅក្នុងតំបន់ព្រៃភ្នំដាច់ស្រាយាល នៅរាយប៉ាយ ហើយភូមិខ្លះនៅផ្ទៃទឹក តំបន់កោះ ឬខ្លះភូមិទើបនឹងបង្កើតថ្មី ដែលគ្មានផ្លូវធ្វើដំណើរជាដើម ។ប៉ុន្តែ បើទោះបីជា ភូមិទាំង ២៤៥ នោះ មិនទាន់ទទួលបានប្រភពអគ្គិសនីពីបណ្តាញជាតិក្តី ក៏ភូមិមួយចំនួនបានទទួលការផ្គត់ផ្គង់អគ្គិសនី ពីប្រភពថាមពលពន្លឺព្រះអាទិត្យរួចហើយ ។

សម្រាប់តម្លៃអគ្គិសនី ដែលកំពុងអនុវត្តន៍ ចំពោះលំនៅឋានចាប់ពីឆ្នាំ២០២០ មកដល់បច្ចុប្បន្នរួមមាន៖
* ប្រើលើសពី ២០០គីឡូវ៉ាត់ម៉ោងក្នុង១ខែ តម្លៃ ៧៣០រៀលក្នុង១គីឡូវ៉ាត់ម៉ោង។
* ប្រើចាប់ពី៥១ ដល់ ២០០គីឡូវ៉ាត់ម៉ោងក្នុង១ខែ តម្លៃ ៦១០រៀលក្នុង១គីឡូវ៉ាត់ម៉ោង។
* ប្រើចាប់ពី ១១ ដល់ ៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ តម្លៃ ៤៨០រៀលក្នុង១គីឡូវ៉ាត់ម៉ោង។
* ប្រើមិនលើសពី ១០គីឡូវ៉ាត់ម៉ោងក្នុង១ខែ តម្លៃ ៣៨០រៀលក្នុង១គីឡូវ៉ាត់ម៉ោង។

ដោយឡែកសម្រាប់អ្នកបូមទឹកធ្វើកសិកម្ម និងអ្នកប្រើប្រាស់គ្រប់ប្រភេទក្នុងវិស័យកសិកម្ម ប្រើពេលយប់ចាប់ពីម៉ោង ៩ យប់ ដល់ម៉ោង ៧ ព្រឹក មានតម្លៃ ៤៨០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។

ក្នុងគោលដៅជម្រុញការពង្រីកផលិតកម្មរោងចក្រ និងសហគ្រាស ផ្នែកឧស្សាហកម្ម និងផ្នែកកសិកម្ម ដើម្បីបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចឱ្យក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើការបញ្ចុះថ្លៃអគ្គិសនី ចំពោះបរិមាណអគ្គិសនី ដែលអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម ដែលភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុងខ្ពស់ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលរួមមានអ្នកប្រើប្រាស់អគ្គិសនី តាមអត្រាថ្លៃមធ្យម អ្នកប្រើប្រាស់អគ្គិសនី តាមពេលវេលា និងអានុភាព និងអ្នកប្រើប្រាស់អគ្គិសនី ដែលមានដំឡើងប្រព័ន្ធពន្លឺព្រះអាទិត្យ ដែលភ្ជាប់ជាមួយបណ្តាញជាតិ បានប្រើប្រាស់លើសពីមធ្យមភាគប្រចាំខែ នៃការប្រើប្រាស់ ៦ខែ ចុងក្រោយ ទៅតាមលក្ខខណ្ឌដូចខាងក្រោម៖

* បញ្ចុះអត្រាថ្លៃចំនួន ១០% សម្រាប់បរិមាណថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ចន្លោះម៉ោងពី ៧ ព្រឹក ដល់ម៉ោង ៩យប់។

* បញ្ចុះអត្រាថ្លៃចំនួន ២០% សម្រាប់បរិមាណថាមពលដែលប្រើប្រាស់ លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍ ចន្លោះម៉ោងពី ៩យប់ ដល់ម៉ោង៧ ព្រឹក និង២៤ម៉ោង សម្រាប់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិរយៈពេលអនុគ្រោះថ្លៃដើម្បីលើកទឹកចិត្តឱ្យបង្កើនការប្រើប្រាស់ខាងលើ មានរយៈពេល ៣ខែ ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣ និងអាចពិនិត្យបន្តតាមរយៈការជូនដំណឹងមុន ៣០ថ្ងៃ តាមលទ្ធភាពជាក់ស្តែងរបស់អគ្គិសនីកម្ពុជា។

* អតិថិជនអ្នកប្រើប្រាស់អគ្គិសនីប្រភេទឧស្សាហកម្ម និងកសិកម្ម ភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុងខ្ពស់ ដែលយល់ថាខ្លួនមានលទ្ធភាពបង្កើនការប្រើប្រាស់ និងមានបំណងទទួលបានការអនុគ្រោះថ្ងៃនេះ ត្រូវធ្វើការដាក់ពាក្យស្នើសុំទៅអ្នកផ្គត់ផ្គង់អគ្គិសនី ក្នុងតំបន់របស់ខ្លួន៕