(ភ្នំពេញ)៖ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ បានរៀបចំបូកសរុបលទ្ធផលការងារអាណត្តិទី១ និងលើកទិសដៅការងារបន្ដ។ សន្និបាតនេះ ក្រោមអធិបតីភាព លោក នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងមានការចូលរួមពីសមាជិក សមាជិកា អង្គការដៃគូ ព្រមទាំងតំណាងក្រសួង ស្ថាប័ន ដែលមានការពាក់ព័ន្ធជាច្រើនទៀត។

គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម ហៅកាត់ថា គ.ជ.ប.ទ ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ដើម្បីទប់ស្កាត់ការធ្វើទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្ស ធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្មឯទៀត។

គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការងារបង្ការ ទប់ ស្កាត់ និងប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ទណ្ឌកម្ម ឬបន្ទាបបន្ថោក។ ភារកិច្ចសំខាន់ៗមួយចំនួនរបស់ គ.ជ.ប.ទ មានដូចជា៖

*១៖ បណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ លិខិតបទដ្ឋានជាតិ និងអន្តរជាតិពាក់ព័ន្ធការបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម ជូនដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់គ្រងកន្លែងដកហូតសេរីភាព មន្ត្រីប្រតិបត្តិច្បាប់ អង្គភាពតុលាការ អង្គការមិនមែនរដ្ឋាភិបាល និងសាធារណៈជន
*២៖ ត្រួតពិនិត្យយ៉ាងទៀងទាត់នូវប្រព្រឹត្តកម្មរបស់អាជ្ញាធរមានសមត្ថកិច្ចលើជនដែលអាច ឬត្រូវបានដកហូតសេរីភាព
*៣៖ អង្កេតស្រាវជ្រាវករណីសង្ស័យថាមានទារុណកម្ម ឬអំពើមិនគប្បីឯទៀតប្រព្រឹត្តដោយអាជ្ញាធរ មានសមត្ថកិច្ច បុគ្គល ឬអង្គភាពណាមួយ
*៤៖ ផ្ដល់ជំនួយផ្នែកច្បាប់ដល់ជនរងគ្រោះ និងគ្រួសារជនរងគ្រោះ
*៥៖ ទំនាក់ទំនងសហការជាមួយអង្គភាពពាក់ព័ន្ធចំណុះ អង្គការសហប្រជាជាតិ ក្រសួង ស្ថាប័ននិង អង្គភាពពាក់ព័ន្ធចំណុះរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា
*៦៖ ពិនិត្យ ធ្វើសេចក្តីស្មើនិងសេចក្តីសង្កេត លើកអនុសាសន៍លើច្បាប់ និង/ឬលិខិតបទដ្ឋានពាក់ព័ន្ធ
*៧៖ រៀបចំរបាយការណ៍ ស្តីពីការអនុវត្តរបស់អាជ្ញាធរពាក់ព័ន្ធស្របតាមគោលការណ៍នានាជាធរមានជូនរាជរដ្ឋាភិបាល។

វិធានការដ៏ល្អដើម្បីបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម គឺមានយន្តការត្រួតពិនិត្យដ៏ទៀងទាត់ ហេតុដូចនេះ គ.ជ.ប.ទ ចាប់ពីខែធ្នូ ឆ្នាំ២០១៨ រហូតមកដល់បំណាច់ឆមាសទី១ ឆ្នាំ២០២៣ បានចុះត្រួត ពិនិត្យកន្លែងដកហូតសេរីភាពនានាទូទាំងប្រទេសសរុបចំនួន ២៧០គោលដៅ ដោយបានជួបសម្ភាសន៍ ជនពាក់ព័ន្ធចំនួន ២,៥៨៦រូប ក្នុងនោះមន្ត្រីអនុវត្តច្បាប់ ចំនួន១,០០២រូប និងជនត្រូវបានដកហូតសេរីភាព ចំនួន១,៥៨៤រូប។

គ.ជ.ប.ទ ក៏បានចុះអង្កេត និងស្រាវជ្រាវករណីសង្ស័យថា មានទារុណកម្មលើជនត្រូវបានដកហូតសរី ភាពចំនួន ៣០ករណី ក្នុងនោះទទួលពាក្យបណ្ដឹងពីគ្រួសារជនរងគ្រោះចំនួន ១១ករណី ពីបណ្តាញសារព័ត៌មាន និងបណ្តាញសង្គមនានាចំនួន ១៩ករណី បានជួបសម្ភាសជាមួយមន្ត្រីពាក់ព័ន្ធ ចំនួន១១០រូប និងសាក្សីចំនួន ១០៦រូប។ ជាលទ្ធផលយើងបានរកឃើញភាពមិនប្រក្រតីចំនួន២១ករណី ដែលបណ្តាលឲ្យជនដែលត្រូវបានដកហូតសេរីភាព រងរបួសធ្ងន់ធ្ងរ ឬជួនកាលរហូតដល់ស្លាប់។

លទ្ធផលការងារក្នុងឆ្នាំនីមួយៗ មានដូចខាងក្រោម៖

* ខែធ្នូ ឆ្នាំ២០១៨៖ បានចុះត្រួតពិនិត្យ កន្លែងដកហូតសេរីភាពសរុប ៩ខេត្ត ស្មើ ១៨គោលដៅ ដោយបានជួបសម្ភាស ន៍ជនពាក់ព័ន្ធចំនួន ១៥៤រូប ក្នុងនោះមានមន្ត្រីអនុវត្តច្បាប់ចំនួន ៦៤រូប និងជនដែលត្រូវបានដកហូតសរី ភាពចំនួន ៩០រូប។

* ឆ្នាំ២០១៩៖ បានចុះត្រួតពិនិត្យ កន្លែងដកហូតសេរីភាពសរុប ១៨រាជធានី-ខេត្ត ស្មើ ៥៤គោលដៅ ដោយបាន ជួបសម្ភាសន៍ជនពាក់ព័ន្ធចំនួន ៤៨៦រូប ក្នុងនោះមានមន្ដ្រីអនុវត្តច្បាប់ចំនួន ១៧១រូប និងជនដែលត្រូវ បានដកហូតសេរីភាពចំនួន ៣១៥រូប។ បានចុះអង្កេតស្រាវជ្រាវករណីសង្ស័យថាមានទារុណកម្មចំនួន ៩ករណី ស្មើ ១៥គោលដៅ ដោយ ជួបសម្ភាសន៍ជនពាក់ព័ន្ធចំនួន ៦២រូប ក្នុងនោះមានមន្ត្រីអនុវត្តច្បាប់ចំនួន ៣២រូប និងសាក្សីចំនួន ៣០រូប។

* ឆ្នាំ២០២០៖ បានចុះត្រួតពិនិត្យ កន្លែងដកហូតសេរីភាពសរុប ២៥រាជធានី-ខេត្ត ស្មើ ៧៧គោលដៅ បានជួប សម្ភាសន៍ជនពាក់ព័ន្ធចំនួន ៨៤៧រូប ក្នុងនោះមានមន្ត្រីអនុវត្តច្បាប់ចំនួន ៣៣១រូប និងជនដែលត្រូវបាន ដកហូតសេរីភាពចំនួន ៥១៦រូប។ បានចុះអង្កេតស្រាវជ្រាវករណីសង្ស័យថាមានទារុណកម្ម ចំនួន ៣ករណី ស្មើ ៨គោលដៅ ដោយ ជួបសម្ភាសន៍ជនពាក់ព័ន្ធចំនួន ២៨រូប ក្នុងនោះមានមន្ដ្រីអនុវត្តច្បាប់ចំនួន ១៣រូប និងសាក្សីចំនួន ១៥រូប។

* ឆ្នាំ២០២១៖ បានចុះត្រួតពិនិត្យ កន្លែងដកហូតសេរីភាពសរុប ១៩រាជធានី-ខេត្ត ស្មើ ៥៧គោលដៅ ដោយបាន ជួបសម្ភាសន៍ជនពាក់ព័ន្ធចំនួន ៤៥៦រូប ក្នុងនោះមានមន្ដ្រីអនុវត្តច្បាប់ចំនួន ២០៨រូប និងជនដែលត្រូវបាន ដកហូតសេរីភាពចំនួន ២៤៨រូប។ បានចុះអង្កេតស្រាវជ្រាវករណីសង្ស័យថាមានទារុណកម្ម ចំនួន ៣ករណី ស្មើ ៨គោលដៅ ដោយ សម្ភាសន៍ជនពាក់ព័ន្ធចំនួន ១៦រូប ក្នុងនោះមានមន្ត្រីអនុវត្តច្បាប់ចំនួន ១២រូប និងសាក្សីចំនួន ៤រូប។

* ឆ្នាំ២០២២៖ បានចុះត្រួតពិនិត្យ កន្លែងដកហូតសេរីភាពសរុប ២០ខេត្ត ស្មើ ៦០គោលដៅ ដោយបានជួបសម្ភាស ន៍ជនពាក់ព័ន្ធចំនួន ៦១១រូប ក្នុងនោះមានមន្ត្រីអនុវត្តច្បាប់ចំនួន ២១៦រូប និងជនដែលត្រូវបានដកហូតសរី ភាពចំនួន ៣៩៥រូប។ បានចុះអង្កេតស្រាវជ្រាវករណីសង្ស័យថាមានទារុណកម្ម ចំនួន ៨ករណី ស្មើ ៣១គោលដៅ ដោយ សម្ភាសន៍ជនពាក់ព័ន្ធចំនួន ៦៧រូប ក្នុងនោះមន្ត្រីអនុវត្តច្បាប់ចំនួន ៣៨រូប និងសាក្សីចំនួន ២៩រូប។

* ឆ្នាំ២០២៣ (គិតត្រឹមឆមាសទី១)៖ បានចុះត្រួតពិនិត្យ កន្លែងដកហូតសេរីភាពសរុប ១ខេត្ត ស្មើ ៤គោលដៅ ដោយបានសម្ភាសន៍ជន ពាក់ព័ន្ធចំនួន ៣២រូប ក្នុងនោះមានមន្ត្រីអនុវត្តច្បាប់ចំនួន ១២រូប និងជនដែលត្រូវបានដកហូតសេរីភាព ចំនួន ២០រូប។ បានចុះអង្កេតស្រាវជ្រាវករណីសង្ស័យថាមានទារុណកម្ម ចំនួន ៧ករណី ស្មើ ១៧គោលដៅ ដោយ ជួបសម្ភាសន៍ជនពាក់ព័ន្ធចំនួន ៥៨រូប ក្នុងនោះមន្ត្រីអនុវត្តច្បាប់ចំនួន ២១រូប និងសាក្សីចំនួន ៣៧រូប។