(មណ្ឌលគិរី)៖ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី លោក យន់ សារោម បានដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យផ្លូវជនបទមួយខ្សែមានប្រវែង៨,៧០០ម៉ែត្រ តភ្ជាប់ពីផ្លូវ៧៦ ឃុំស្រែខ្ទុម ទៅកាន់ឃុំស្រែព្រះ ស្រុកកែវសីមា ដែលរងការខូចខាតដោយសារជំនាន់ទឹកភ្លៀង បណ្តាលឱ្យខូចខាតប្រវែង៤,៥០០ម៉ែត្រ។

សកម្មភាពចុះពិនិត្យនេះធ្វើឡើងនាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។ បន្ទាប់ពីបានពិនិត្យរួចរាល់ នៅរសៀលថ្ងៃដដែល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមន្ត្រីបច្ចេកទេសបានចុះសហការជាមួយក្រុមហ៊ុនរ៉ែមាសអូរខ្វាវ ជួយសម្របសម្រួលគ្រឿងចក្រយកមកកៀរកិនកន្លែងលំបាក និងមានស្ថានភាពរអិល នៅផ្លូវមេម៉ង់ចំនួន៤កន្លែង សរុបប្រវែង១,៥០០ម៉ែត្រ ដើម្បីសម្រួលចរាចរណ៍ដំណើរការឡើងវិញ។

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរីក៏នឹងសហការជាមួយក្រុមហ៊ុនរ៉ែមាសអូរខ្វាវបន្តទៀត ដើម្បីជួសជុលផ្លូវដែលរងការខូចខាតខាងលើឡើងវិញ នៅក្រោយជំនន់ទឹកភ្លៀងស្រកទៅវិញ៕