(ភ្នំពេញ)៖ ពិតជាមិនធម្មតាទេ សម្រាប់សិស្សត្រៀមប្រឡងបាក់ឌុប ឆ្នាំ២០១៦នេះ ខណៈដែលព្រះសង្ឃមួយអង្គ ព្រះនាម នី សុវណ្ណមុនីរ៉េត កំពុងគង់នៅវត្តនាគវ័ន បានសន្យាថា នឹងផ្ដល់ Laptop ម្នាក់មួយគ្រឿងដល់សិស្សប្រឡងបាក់ឌុប ដែលទទួលបានលំដាប់ពិន្ទុខ្ពស់ជាងគេ១០នាក់ ។ ការផ្ដល់ជូនដ៏ពុំធ្លាប់មាន ចេញពីទឹកព្រះទ័យរបស់ព្រះសង្ឃ ដែលជាការលើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្តដល់ប្អូនៗសិស្សានុសិស្ស ក្នុងការបន្តការសិក្សានេះ គឺសម្រាប់តែក្នុងការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៦ នៅខេត្តស្វាយរៀង តែប៉ុណ្ណោះ។
ជាការពិត ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា ឆ្នាំ២០១៦ នឹងប្រព្រឹត្តទៅ២ថ្ងៃ គឺថ្ងៃទី ២២ និង២៣សីហា ដោយមានបេក្ខជនប្រឡងសរុបចំនួន ៩៣ ៧៥២ នាក់ និងមណ្ឌលប្រឡងមានចំនួន ១៥៧មណ្ឌល ចែកចេញជា ៣ ៧៨១បន្ទប់ នៅរាជធានី ខេត្តទាំង២៥ ក្នុងប្រទេសកម្ពុជា។
ព្រះតេជគុណ នី សុវណ្ណារ៉េត បានមានសង្ឃដីកាថា ដោយសារព្រះអង្គមានមានដើមកំណើត មកពីខេត្តស្វាយរៀង ទើបចង់ផ្ដល់រង្វាន់ឲ្យសិស្សប្រឡងថ្នាក់ទី១២ នៅក្នុងខេត្តនេះ ដើម្បីលើកទឹកចិត្តឲ្យពួកគេខិតខំរៀនសូត្របន្ត។ ប្រសិនបើពួកគេគ្មានកន្លែងស្នាក់នៅពេលមករៀននៅភ្នំពេញ ព្រះអង្គនឹងស្វះស្វែងរកកន្លែងស្នាក់នៅ ជូនពួកគេបន្ថែមទៀតផងដែរ។
ព្រះតេជគុណ ដែលតែងតែបង្ហាញវត្តមានញឹកញាប់ ក្នុងការជួយដល់អ្នកសិល្បៈចាស់ជរា បាត់បង់សមត្ថភាព និងជនក្រីក្រក្នុងសង្គម អង្គនេះ បានមានសង្ឃដីកា បន្ថែមទៀតថា រង្វាន់កុំព្យូទ័រ Laptop ថ្មីទាំង ១០គ្រឿង គឺសម្រាប់ផ្ដល់ឲ្យសិស្សជាប់បាក់ឌុប ដែលមានលំដាប់ពិន្ទុខ្ពស់ជាងគេទាំង១០នាក់ ក្នុងខេត្តស្វាយរៀង គឺមិនគិតពីនិទ្ទេសឡើយ។ បន្ទាប់ពីប្រកាសលទ្ធផល ព្រះអង្គនឹងទាក់ទងទៅប្រធានមន្ទីរអប់រំខេត្តស្វាយរៀង ឬសិស្សដែលដឹងថាខ្លួន បានទទួលលំដាប់ពិន្ទុខ្ពស់ជាងគេ ក្នុងចំណោម ១០នាក់ អាចទាក់ទងមកកុដិលេខ២៤ វត្តនាគវ័ន រាជធានីភ្នំពេញ ដោយផ្ទាល់ក៏បាន ពេលនោះព្រះអង្គនឹងស្វាគមន៍ ដោយក្ដីរីករាយ៕