(ភ្នំពេញ)៖ វិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ី-ប៉ាស៊ីហ្វិក (AIBD) បានប្រកាសផ្តល់ពានរង្វាន់ កោតសរសើរ (AIBD Appreciation Award) ដល់ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា លើការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងឱកាសនៃការប្រារព្ធពិធីបើកនៃមហាសន្និបាតលើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធរបស់ខ្លួនដែលបាននិងកំពុងប្រារព្វធ្វើឡើងនៅក្នុងប្រទេសម៉ូរីហ្សឹស (Mauritius) ចាប់ពីថ្ងៃទី០២ ដល់០៤ ខែតុលា ឆ្នាំ២០២៣នេះ។

ការប្រគល់ពានរង្វាន់ កោតសរសើរ AIBD Appreciation Award នេះ ត្រូវបានប្រគល់ជូនដល់ក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោក ហាស់ សំអាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានអញ្ជើញទៅចូលរួម និងដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាប្រតិបត្តិ (Executive Board) នៃវិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ី-ប៉ាស៊ីហ្វិកដែលបានធ្វើឡើងនៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ កន្លងមកនេះ។

លោកស្រី ហ្វីឡូណេម៉ា ង៉ាណាប្រាហ្គាសាម (Philonema Gnanapragasam) នាយកប្រតិបត្តិនៃវិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ី-ប៉ាស៊ីហ្វិក ដែលមានប្រទេសចំនួន២៦ នៅអាស៊ី-ប៉ាស៊ីហ្វិកជាសមាជិក បានលើកឡើងថា វិទ្យាស្ថាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននឹងកំពុងជួយដល់វិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ី-ប៉ាស៊ីហ្វិក លើការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសគឺនៅក្នុងអំឡុងពេលដ៏លំបាកបំផុតនៅពេលដែលពិភពលោកកំពុងរងនូវជំងឺកូវីដ១៩។

លោកស្រីបានសម្តែងនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រី នេត្រ ភក្រ្តា នឹងបន្តរជួយជ្រោមជ្រែងដល់វិទ្យាស្ថាន ជាបន្តទៅទៀតក្នុងការជួយដល់ប្រទេសសមាជិកទាំងអស់ក្នុងការអភិវឌ្ឍវិស័យផ្សាយសោតទស្សន៍ ក៏ដូចជាប្រព័ន្ធផ្សាយផ្សាយទាំងមូល ជាពិសេសនៅពេលដែលពិភពលោក កំពុងវិវឌ្ឍទៅរកបរិវត្តកម្មឌីជីថល បញ្ញាសិប្បនិម្មិត និងនវានុវត្តន៍នៃប្រព័ន្ធផ្សព្វផ្សាយ។

AIBD បានប្រកាសផ្តល់ពានរង្វាន់ កោតសរសើរ AIBD Appreciation Award ជូនដល់តែប្រទេសចំនួនពីរប៉ុណ្ណោះក្នុងចំណោច២៦ ប្រទេស គឺព្រះរាជាណាចក្រកម្ពុជា និងប្រទេសឥណ្ឌា៕